មានមន្ត្រីជាន់ខ្ពស់ និងប្រធានក្រុមហ៊ុនធំៗ នៅក្នុងប្រទេសហ្វីលីពីន នឹងរួមដំណើរជាមួយប្រធានាធិបតី Rodrigo Duterte ទស្សនកិច្ចទីកាន់ទីក្រុងប៉េកាំង ក្នុងពេលដែលមានដឹកនាំហ្វីលីពីនលើកគំនុំទុកមួយជំហៀង ដោយបង្កើតទំនាក់ទំនងសេដ្ឋកចិ្ចយ៉ាងល្អប្រសើរជាមួយចិន ខណៈដែលទំនាក់ទំនងជាមួយអាមេរិកកាន់តែអាក្រក់ទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយទីក្រុងម៉ានីលសម្រេចបញ្ចប់សកម្មភាពយ៉ាមល្បាតរួម។
មកទល់ពេលនេះ មិនទាន់មានព័ត៌មានច្បាស់ ពីគណៈប្រតិភូអមដំណើរប្រធានាធិបតីហ្វីលីពីនទៅកាន់ប្រទេសចិននៅឡើយ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែតុលា ។ ក្រុមអ្នកជំនួញហ្វីលីពីន មានការពេញចិត្ត នៅក្នុងការចរចាជាមួយមេដឹកនាំក្រុមហ៊ុនចិន ក្នុងនោះ មានការសាងសង់ផ្លូវដែក ការកសាងផ្សេងៗ វិស័យទេសចរណ៍ កសិកម្ម អគ្គិសនី និងផលិតជាដើម ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ដំណើរទស្សនកិច្ចនោះ គឺជាសញ្ញានៃការ ផ្លាស់ប្តូរ ទំនាក់ទំនង ទ្វេភាគី ដែលតែងតែគ្រប់ដណ្តប់ដោយ វិវាទដែនសមុទ្រចិនភាគខាងត្បូង។ សកម្មភាពបែបនេះ អាចធ្វើឲ្យ សម្ពន្ធមិត្តរបស់ហ្វីលីពីន ក្នុងតំបន់បាត់បង់ទឹកចិត្ត ក្នុងនោះមានអាមេរិកជាដើម ។ ការប្រឈមមុខតានតឹងដាក់គ្នាជាមួយចិននាពេលកន្លងមក បានធ្វើឲ្យហ្វីលីពីនត្រូវខាតបង់ជាច្រើន ក្នុងនោះ ចេកក្រអូបហ្វីលីពីនមិនអាចនាំចូលប្រទេសចិនបានដូចកាលពីមុន ។
ដំណើរទស្សនកិច្ចនោះ នឹងធ្វើឲ្យសេដ្ឋកិច្ចហ្វីលីពីនល្អប្រសើរឡើងវិញ ក្នុងនោះ មានដំណាំកសិកម្មអាចនាំចូលប្រទេសចិនវិញបានធម្មតា ។ ប៉ុន្តែអ្នកនយោបាយហ្វីលីពីនមួយចំនួនបានបង្ហាញការមិនពេញចិត្តចំពោះសកម្មភាពរបស់រដ្ឋាភិបាល ឌូទឺរទេ ដែលបានយកចិត្តទៅលើសត្រូវ ដែលរំលោភបំពានគ្រប់គ្រងដែនសមុទ្ររបស់ហ្វីលីពីន ៕ ម៉ែវ សាធី