ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនយាយព្រឿង មេក្លោងឈ្មួញឈើដ៏ធំ ប្រចាំភូមិភាគឦសាន្តបានហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ យាយព្រឿង ជនជាតិវៀតណាម ដែលជាឈ្មួញឈើដ៏ធំប្រចាំភូមិភាគឦសាន្ត និងមានទីតាំងស្តុកឈើជាច្រើនកន្លែងនៅក្នុងខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងក្រុមស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ខេត្តស្ទឹងត្រែង បន្ទាប់ពីមេឈ្មួញដ៏ធំរូបនេះ បានយករថយន្ត២គ្រឿង និងកម្មករ៧នាក់ មករំដោះឈើ ដែលសមត្ថកិច្ចបង្ក្រាបចាប់ ហើយនាំយកមករក្សាទុកនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់នោះ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២និង៣០នាទីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កម្លាំងក្រុមការងារ ស្រាវជ្រាវ ព័ត៌មាន និងបង្ក្រាបព្រៃឈើ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្រាវជ្រាវ រកឃើញគំនរឈើដ៏ច្រើន ត្រូវបានគេយកទៅលាក់ទុកនៅក្នុងដីចម្ការ ស្ថិតក្នុងភូមិ ឃុំ ស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចបានឲ្យដឹងថា ឈើទាំងនោះ ជាប្រភេទឈើប្រណីត ដែលមានចំនួនដ៏ច្រើន ត្រូវបានក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ សហការជាមួយរដ្ឋបាលព្រៃឈើ ដឹកជញ្ជូនឈើទាំងនោះ យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់តាំងពីរសៀលថ្ងៃទី១២ ខែតុលា រហូតដល់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ទើបរួចរាល់ ដែលឈើទាំងនោះ មានចំនួន៦ឡានសាំយ៉ុង និង៦ឡានបែន ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ស្រាប់តែនៅវេលាម៉ោង៤ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក៏មានវត្តមានយាយព្រឿង ថៅកែឈ្មួញឈើល្មើសច្បាប់ ជាមួយកម្មករ៧នាក់ និងរថយន្ត២គ្រឿង ១គ្រឿងម៉ាកបាឡែន ពណ៌ស និងមួយគ្រឿងទៀតម៉ាកសាំយ៉ុង ចូលមករំដោះឈើ និងឡោមព័ទ្ធមកលើកងកម្លាំង ដែលកំពុងយាមឈើនៅក្នុងទីតាំងនោះថែមទៀត ។

សមត្ថកិច្ចបានឃាត់ខ្លួន យាយ ព្រឿង ក្នុងបទល្មើសជាក់ស្តែង មករំដោះឈើនៅក្នុងបរិវេណរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ ។ ដោយឡែក កម្មករ៧នាក់ ត្រូវបានរត់គេចខ្លួនពីកន្លែងកើតហេតុ ។

ពាក់ព័ន្ធទៅនឹងករណីយាយ ព្រឿង ចូលមករំដោះឈើ សង្ស័យមានអំពើឃុបឃិតគ្នាណាមួយ រវាងរដ្ឋបាលព្រៃឈើ ជាមួយនឹងយាយព្រឿង ខណៈឈើត្រូវបានរក្សាទុកនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើរួចរាល់ រួមទាំងចាក់សោ តែមានវត្តមានយាយ ព្រឿង ចូលទៅក្នុងបរិវេណជាមួយនឹងកម្មករ៧នាក់ ដើម្បីរំដោះឈើ ចំណុចនេះ មានន័យថា មន្ត្រីរដ្ឋបាលព្រៃឈើប្រចាំការនៅទីនោះ អាចចាក់សោឲ្យក្រុមយាយព្រឿងចូល រួចខ្លួនបែរជាទៅសម្ងំដេក ដើម្បីបំភ័ន្តសមត្ថកិច្ច ។

មួយរយៈកន្លងទៅនេះ ក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបំពេញការងារដ៏សស្រាក់សស្រាំ ចុះស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ ដូចជាករណី ឈើជាច្រើនកំណាត់នៅក្នុងដីចម្ការ ស្ថិតនៅក្នុងភូមិ ឃុំ ស្រែក្រសាំង ស្រុកសៀមបូក គឺឈ្មួញយាយ ព្រឿង នេះតែម្តង បានយកទៅលាក់ទុកស្ទើរតែគ្រប់ទីកន្លែង ដែលធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការរុករក ។

ពាក់ព័ន្ធទៅនឹងករណី ដែលយាយព្រឿង នាំកម្មករទៅរំដោះឈើនៅក្នុងបរិវេណសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ មិនត្រឹមតែសង្ស័យថា ជំនាញរដ្ឋបាលព្រៃឈើរបស់លោក ឆៀង តុលា មានករណីឃុបឃិតគ្នាជាមួយយាយព្រឿង ប៉ុណ្ណោះទេ សូម្បីតែករណី រដ្ឋបាលព្រៃឈើ ប្រើប្រាស់រថយន្ត និងកម្មករ មកដឹកជញ្ជូនឈើនៅក្នុងដីចម្ការខាងលើ ដែលក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើប្រគល់ឲ្យ ក៏ត្រូវបានគេដឹងថា ជំនាញរដ្ឋបាលព្រៃឈើ បានយករថយន្ត និងកម្មកររបស់យាយព្រឿង មកធ្វើជាមធ្យោបាយដឹកជញ្ជូនឈើទាំងនេះ យកទៅរក្សាទុក និងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ទៀតផង ។

ការបង្ក្រាបបទល្មើសព្រៃឈើ និងឈានដល់ឃាត់ខ្លួនយាយ ព្រឿង ដែលជាឈ្មួញល្មើសច្បាប់ដ៏ធំនៅភូមិភាគឦសាន្ត ត្រូវបានមជ្ឈដ្ឋានទូទៅមានការគាំទ្រចំពោះចំណាត់ការរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលខិតខំបំពេញការងាររបស់ខ្លួន ទទួលបានលទ្ធផលជោគជ័យ ទន្ទឹមនឹងករណីនេះផងដែរ សមត្ថកិច្ចក៏បន្តនីតិវិធី បើកការស្រាវជ្រាវពីបញ្ហាមន្ត្រីរដ្ឋបាលព្រៃឈើ ហេតុអ្វីក៏មានការពាក់ព័ន្ធជាមួយនឹងយាយព្រឿង ឈានដល់ការឃុបឃិត រំដោះឈើនៅក្នុងបរិវេណដែលខ្លួនគ្រប់គ្រងថែមទៀត? ៕ សុខ ខេមរា

img-20161013-wa0004 img-20161013-wa0003 img-20161013-wa0005 img-20161013-wa0006 img-20161013-wa0007 img-20161013-wa0008 img-20161013-wa0009

 


ចែករំលែក៖