ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ សហព័ន្ធខ្មែរកីឡាហាប់គីដូ ក្រោមប្រធានបទ “ការបង្ហាញនូវបច្ចេកទេសក្បាច់គុនកីឡាហាប់គីដូ ពីសំណាក់លោក ព្រឹទ្ធាចារ្យ សេង ប៊ុនសុង គ្រូហាប់គីដូខ្សែក្រវាត់ខ្មៅ៩ដាន់” នៅអគារស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ ម៉ក់ សំអុល ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ ។
លោកឧត្តសេនីយ៍ ម៉ក សំអុលមានប្រសាសន៍ថា ចំពោះការបង្ហាញបច្ចេកទេសក្បាច់គុនហាប់គីដូ មានសារសំខាន់ខ្លាំងណាស់ ព្រោះធ្វើឲ្យកីឡាករកីឡាការិនី របស់ហាប់គីដូទាំងអស់ បានស្វែងយល់ពីបទពិសោធន៍ថ្មីៗតាមរយៈ លោក សេង ប៊ុនសុង ដែលជាព្រឹទ្ធាចារ្យក្បាច់គុនហាប់គីដូមកពីសហរដ្ឋអាមេរិក ដែលបានចំណាយពេលស្រាវជ្រាវអស់ច្រើនឆ្នាំហើយពេលនេះលោកគ្រូបាននាំយកមកបង្ហាញដល់កីឡាករកីឡាការិនីកម្ពុជា ពីលក្ខណៈពិសេសដើម្បីឲ្យពួកគេតាមទាន់នូវការវិវឌ្ឍថ្មីៗ របស់កីឡាហាប់គីដូ សហព័ន្ធអន្តរជាតិ ដែលកំពុងរីកសាយនៅលើពិភពលោក។
លោកសេង ប៊ុនសុងគ្រូហាប់គីដូខ្សែក្រវាត់ខ្មៅ៩ដាន់បានបង្ហាញនូវក្បាច់ពិសេសៗរបស់ហាប់គីដូដល់កីឡាករកីឡាការិនីហាប់គីដូខ្មែរ ដើម្បីឲ្យពួកគេបានស្វែងយល់បន្ថែមចំណុចពិសេសៗរបស់ហាប់គីដូ អន្តរជាតិ ប្រយោជន៍ជំរុញឲ្យពួកគេតាមឲ្យទាន់នៃការវិវឌ្ឍថ្មីរបស់ហាប់គីដូ ។
លោកគង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មេរ កីឡាហាប់គីដូ បានអះអាងថា កម្មវិធីបង្ហាញបច្ចេកទេសកីឡាហាប់គីដូថ្ងៃនេះ មានកីឡាករកីឡាការិនី ចូលរួមប្រមាណ៧០នាក់មកពីក្លិបធំៗចំនួន ៥ ដូចជាក្លិប ឥន្ទ្រីយ៍ ក្លិបMaster សេង ក្លិប ប្រ៊ីសតុនស្ទឹងមានជ័យ ក្លិបប្រ៊ីសបឹងកេងកង និង ក្លិបCentral Martial Artsខេត្តបាតដំបង និង ។ លោកសេង ប៊ុនសុងមានប្រសាសន៍ថាអ្នកក្បាច់គុនត្រូវតែមានគុណធម៌ សីលធម៌ និង គោរពគ្នាទៅវិញទៅមក ។
លោកបានបញ្ជាក់ថា លោកធ្វើជាគ្រូបង្ហាត់កីឡាហាប់គីដូនៅសហរដ្ឋអាមេរិកអស់ជាង៣០ឆ្នាំមកហើយ ក្រៅពីការហ្វឹកហ្វាត់លោកក៏ជាអ្នក ស្រាវជ្រាវក្បាច់គុនមួយរូប និងមានបទពិសោធន៍ខ្ពស់ក្នុងការបង្ហាត់សិស្សផងដែរ ។ លោកបានពន្យល់ថា ក្បាច់គុនហាប់គីដូ មានពាក្យថា (Hapkido) ដូច្នេះHap មានន័យថាបញ្ចូលគ្នា Ki មានន័យថាឋាមពល និង Do មានន័យថាមធ្យោបាយ ។ដោយឡែកលោកហុង ស៊ីនហេងបានបញ្ជាក់ថាក្បាច់គុនគ្មានទីបញ្ចប់ឡើយ ព្រោះកីឡា គឺជាស្ពានចងមិត្តភាព និង កែលម្អអត្តចរិចមនុស្ស ។
លោកបានពន្យល់ថា មានក្មេងៗហិតកាវច្រើនណាស់បានប្រែក្លាយពីក្មេងដែលសង្គមស្អប់ ប្រែមកជាមនុស្សថ្មីតាមរយៈការហ្វឹកហាត់ក្បាច់គុនហាប់គីដូ ។ មនុស្សខ្លះមានចរឹកសាហាវតែបន្ទាប់ពីគេចេះហាត់ក្បាច់គុនហាប់គីដូពួកគេក្លាយជាមនុស្សស្លូតបូត មានលក្ខណៈសម្បត្តិថ្លៃថ្នូរ ៕ សារីម