ភ្នំពេញៈ អំពើហិង្សាក្នុងវង់ផឹកស៊ីមួយធ្វើឲ្យភាគីចាញ់បែកក្បាលរបួសធ្ងន់ដេកពេទ្យ ឯភាគីឈ្នះត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។
ប្រភពពីមន្រី្តនគរបាលប៉ុស្តិ៍ពញាពន់បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ាន់ ឃីម ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកសិករ។ ចំណែកជនរងគ្រោះមានឈ្មោះ យន់ សុផាត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរសន្តិសុខ ។ទាំង២នាក់ស្នាក់នៅក្នុងភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យបានអង្គុយផឹកស្រាសអស់១លីត្រ ជាមួយមិត្តភក្តិដែលរស់នៅក្នុងភូមិជាមួយគ្នាជាច្រើន ខណៈដែលកំពុងតែអង្គុយផឹកស៊ីនោះ ជនរងគ្រោះបានដើរចូលទៅកន្លែងផឹកស៊ីនោះដែរ ហើយដោយនៅក្នុងស្ថានភាពស្រវឹងស្រឿងៗផងជនសង្ស័យក៏បានងើបដើរចេញទៅដេកនៅលើអង្រឹងក្បែរនោះទៅ ។បន្ទាប់មកជនរងគ្រោះក៏បានយកកន្ត្រៃនៅលើគ្រែក្នុងគោលបំណង កាត់ខ្សែអង្រឹងតែពេលឃើញដូច្នេះ ជនសង្ស័យបានស្រែជេរទៅជនរងគ្រោះធ្វើឲ្យជនរងគ្រោះស្ទុះយកកន្ត្រៃដែលខ្លួនកាន់ក្នុងដៃនោះ គប់ទៅលើជនសង្ស័យចំដើមទ្រូង និងបបូរមាត់ របួសស្រាល ។
ប្រភពដដែលឲ្យដឹងទៀតថា ក្រោយមកជនសង្ស័យក៏ខឹង ហើយក៏បានស្ទុះពីអង្រឹងទៅវាយចំមុខជនរងគ្រោះមួយដៃថែមទៀត តែត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះ ចូលទៅឃាត់និងបំបែកពួកគេចេញពីគ្នា។ មួយស្ទុះក្រោយមកស្រាប់តែជនរងគ្រោះបានដើរមកវិញម្តងទៀត ហើយក៏ជួបជាមួយនឹងជនសង្ស័យដែលកំពុងឈរនៅមុខផ្ទះ ដែលជាកន្លែងកើតហេតុ ក៏កើតមានទំនាស់ពាក្យសម្តីជាមួយគ្នាម្តងទៀត ហើយជនរងគ្រោះបានដកអាយកូម ពីចង្កេះស្ទុះចូលទៅរកវាយជនសង្ស័យ តែ ភ្លាមៗនោះ ជនសង្ស័យក៏បានយកដំបងឫស្សីនៅក្បែររបងវាយទៅលើជនរងគ្រោះបណ្តាលអោយបែកក្បាលរងរបួសធ្ងន់ ហើយត្រូវក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យដេរអស់១៩ថ្នេរ។
ក្រោយពីកើតហេតុ សមត្ថកិច្ចខណ្ឌព្រែកព្នៅបានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី៕ ប្រាថ្នា