ភ្នំពេញៈ ប្រជាជនរងគ្រោះដោយទឹកជំនន់ភ្លៀងចំនួន៣៦គ្រួសារ រស់នៅសង្កាត់ភ្នំពេញថ្មី បានទទួលអំណោយពីសម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដឹកនាំដោយ លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងជាប្រធានកិត្តិយស អនុសាខា កាកបាទក្រហមកម្ពុជាប្រចាំខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដោយមិនប្រកាន់និន្នាការ គណបក្សនយោបាយ និងពូជសាសន៍ ។
អំណោយដែលត្រូវចែកជូនប្រជាជនរងគ្រោះទាំងនោះ ក្នុងមួយគ្រួសារបានទទួលនូវ ស្រោមសំបុត្រ១ ដែលមានលុយចំនួន៧ ម៉ឺនរៀល អង្ករ១បាវ ទម្ងន់៣០
គីឡូក្រាម មីកញ្ចប់ចំនួន១កេស ត្រីខកំប៉ុងចំនួន១០កំប៉ុង និងកញ្ចប់សម្ភារៈចំនួន១ក្នុងនោះ មានៈមុង១+ក្រមា១+សារុង១+ភួយ១ ។
នៅក្នុងឱកាសនោះ លោក ប៉ឹល កុសល បានមានប្រសាសន៍ សំណេះសំណាល និងសួរនាំពីសុខទុក្ខលំបាកដល់ប្រជាពលរដ្ឋទាំងនោះ ប្រកបដោយភាពទន់ភ្លន់រួសរាយ ដែលនាំឲ្យប្រជាពលរដ្ឋមានការគោរព ស្រឡាញ់ និងបង្កើននូវភាពជឿជាក់កក់ក្តៅបន្ថែមទៀតផងមកលើលោក ជាអាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុក្ខដាក់ចំពោះពួកគាត់ដែលកំពុងជួបការលំបាកនៅក្នុងគ្រាអាសន្នបែបនេះ។
ឆ្លើយតបទៅនឹងវត្តមាននៃការនាំយកអំណោយមកចែកជូនបងប្អូនប្រជាជនដែលកំពុងជួបទុក្ខកំបាកនេះ លោកអភិបាលខណ្ឌបានពន្យល់ប្រាប់ជូនពួកគេថា ទាំងនេះ គឺជាឆន្ទៈរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី-ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែណែនាំឲ្យលោកយកចិត្តទុក្ខដាក់ដល់ប្រជាជននៅក្នុងមូលដ្ឋាន ជាពិសេសជនរងគ្រោះ និងជនចាស់ជរា ឬទីទ័លក្រតែងតែបានទទួលនូវការឧបត្ថម្ភ នូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនពីសម្តេចតាមរយៈ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ ។
លោកក៏បានជំរាបជូន និងសូមអធ្យាស្រ័យចំពោះប្រជាពលរដ្ឋមួយចំនួនទៀត ដែលពុំទាន់បានអំណោយ ព្រោះអាជ្ញាធរតម្រូវការឲ្យតែអ្នកដែលរងគ្រោះជាក់ស្តែងមុនសិន ហើយនឹងផ្តល់ជូនឲ្យនៅវគ្គក្រោយៗទៀត ។
លោកបញ្ជាក់ថា នេះជាឆន្ទៈដ៏ល្អរបស់សម្តេច និងក៏ជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាផងដែរ ដែលបានជួយសង្គ្រោះប្រជាជនឲ្យរួចផុតពីរបបផ្តាច់ការ ប៉ុលពត តាំងពីឆ្នាំ១៩៧៩ឲ្យមានជីវិតរស់នៅរហូតសព្វថ្ងៃ និងតែងតែតាមជួយឧបត្ថម្ភដល់អ្នករងគ្រោះ ឬមានជីវភាពក្រីក្រថែមទៀតផងដែរ ដូចជាពេលនេះឯងគឺជួយទូទាំងប្រទេស។
ជាចុងបញ្ចប់លោកបានផ្តាំផ្ញើសូមឲ្យបងប្អូន ពូ មីង មារ និងយាយតា ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះប្រព័ន្ធខ្សែភ្លើងកុំឲ្យប៉ះទឹកវានឹងឆក់គ្រោះថ្នាក់ ព្រមទាំងការពារក្រែងមានសត្វសិរពិសផ្សេងៗខាំ ។
ប្រជាជនទាំងនោះបាននាំគ្នាសំដែងនូវទឹកមុខញញឹមរីករាយ នៅក្នុងពិធីនេះ ក្រោយពីទទួលបាននូវការសួរសុខទុក្ខរាក់ទាក់ដោយភាពស្និទ្ឋិស្នាល ព្រមទាំងជួយទំនុកបម្រុងស្បៀងអាហារក្នុងគ្រាជួបទុក្ខលំបាកបែបនេះ ៕ តុង សីហា