ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវបង្ក្រាប់ឱ្យអស់បទល្មើស ONLINE SCAMS នៅមូលដ្ឋានខ្លួន សម្រេចទិសដៅ ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៦ មិនមានបទល្មើស

ចែករំលែក៖

ភ្នំពេញ៖ បើចង់លុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងរាជធានីភ្នំពេញ កម្លាំងទាំងអស់ចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវស្គាល់មេ ត្រូវស្គាល់ទីតាំង ត្រូវស្គាល់បណ្ដាញច្បាស់លាស់នៅមូលដ្ឋានខ្លួនសិនចាំចុះបង្ក្រាបភ្លាមៗមិនយោគយល់ដាច់ខាត ទើបយើងសម្រេចផែនការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាONLINE SCAMS ឱ្យអស់ពីរាជធានីភ្នំពេញត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះបាន ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញបានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)  នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ដើម្បីឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) អស់ពីក្នុងមូលដ្ឋាន ដាច់ខាតយើងត្រូវសម្អាតមេSCAMER ឱ្យអស់ បើមិនអស់ទេ វានឹងកើតកូន កើតចៅបន្តមកទៀត។ អភិបាលខណ្ឌទាំង១៤ត្រូវចុះត្រួតពិនិត្យជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការត្រៀមកម្លាំងសហការ តាមដានសភាពការណ៍ជាក់ស្តែង។ ការងារនេះត្រូវតែមុឺងម៉ាត់ និងម៉ត់ចត់បំផុត ព្រោះនេះជាយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅរាជធានីភ្នំពេញឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៦ខាងមុខនេះ។ ពេលនេះជាយុទ្ធនាការសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ជាយុទ្ធនាការក្តៅ ដែលទាមទារឱ្យលុបបំបាត់ឱ្យអស់ ក្លាយជាតំបន់ពណ៌ ស។ ប៉ុន្តែមិនមែនមានន័យថា យើងបោះចោលការងារផ្សេងមកធ្វើតែរឿងនេះមួយនោះទេ ដូចនេះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងកិច្ចការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានក៏ត្រូវពង្រឹង ដែរ មិនត្រូវធ្វេសប្រហែសដាច់ខាត ។ ក្នុងនាមអាជ្ញាធរត្រូវអនុវត្តការងារទាំងពីរខាងលើនេះឱ្យបានល្អព្រមៗគ្នា ដើម្បីជាជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានបន្តទៀតថា៖ ជាទិសដៅបន្តរបស់ខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវកំណត់ទីតាំងដែលសង្ស័យឱ្យដូចភ្លៀងរលឹម ជាមួយនឹងការប្រើប្រាស់ជំនាញផ្ទាល់ខ្លួនឱ្យអស់លទ្ធភាព និងជឿជាក់ថា នៅមូលដ្ឋានរបស់ខ្លួនគ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សេសសល់ដាច់ខាតនៅក្រោយថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៦ខាងមុខ៕

ដោយ៖សំរិត


ចែករំលែក៖