ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ស្ថិតនៅភូមិជ្រៃកោក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីបុរស ម្នាក់ទំនងជាប្រើប្រាស់ថ្នាំជ្រុល(បែកថ្នាំ)បានរត់ឡើងទៅលើដំបូលផ្ទះប្រជាពលរដ្ឋក្នុងគោលបំណងលោតសម្លាប់ខ្លួន តែត្រូវបានអាជ្ញាធរដែនដីទៅរារាំងលួងលោមមិនឲ្យប្រព្រឹត្តបាន ឡើយ ។
ប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុនោះ បាននិយាយថា បុរសខាងលើ ឈ្មោះ សោម សៅ អាយុ២៩ឆ្នាំស្លៀកខោខ្លីត្រឹមក្បាលជង្គង់ ពាក់អាវយឺតដៃខ្លី ពណ៌ប្រផែះ ស្នាក់នៅកន្លែងកើតហេតុខាងលើមានស្រុកកំណើតនៅ ស្រុកស្អាង ខេត្តកណ្តាល មានប្រពន្ធ និងកូនពីរនាក់រស់នៅក្នុងបន្ទុកនៅថ្ងៃនេះទំនងជាបុរសនេះបែកថ្នាំធ្វើឲ្យវង្វេងស្មារតីបានរត់ឡើងទៅលើដំបូលផ្ទះប្រជាពលរដ្ឋនៅចំណុចខាងលើ ក្នុងកម្ពស់ជាង១០ម៉ែត្រក្នុងគោលបំណងសម្លាប់ខ្លួន ដោយម្តងអង្គុយ ម្តងឈរសំកាងដៃទាំងពីរទៅសងខាងចង្អុលទៅឆ្វេងស្តាំ និងស្រែកថា មិនចង់រស់នៅទេលោកអឺយ ។
ទោះយ៉ាងណា នៅពេលនោះប្រជាពលរដ្ឋរួមនឹងអាជ្ញាធរដែនដី បានសហការគ្នាលួង លោម និងអង្វរបុរសនេះរាប់ម៉ោង ទើបគេយល់ព្រមចុះមកក្រោមវិញ ហើយបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ទាំងមិននិយាយស្តីរកអ្នកណាមួយម៉ាត់ ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ដោយសារឥទ្ធិពលថ្នាំញៀន ដែលគេលួចលក់ជាហូហែហើយមិនត្រូវបានសមត្ថកិច្ចបង្រ្កាបដោយជោគជ័យ ជាពិសេសនៅម្តុំកន្លែងកើតហេតុនេះតែម្តងត្រូវបានគេកលក់ដូចផ្សារត្រី ទើបយុវជនមួយចំនួនភ្លើតភ្លើនសប្បាយសេពគ្រឿងញៀន កើតមានជាអំពើលួចប្លន់ ជាញឹកញាប់ ជាពិសេសធ្វើឲ្យមនុស្សខ្លះវង្វេងស្មារតី ដូចបុរសខាងលើនេះជាដើម ៕ សុខា សែនជ័យ