ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ជនជាតិចិន ៣១៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងបានបន្តបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ប្រភពដដែលបន្តថា ជាក់ស្ដែងនៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ របស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហាការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣១៩នាក់ (ស្រី០នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។
គួរជម្រាបជូនដែរថា ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា កម្លាំងសមត្ថកិច្ចជំនាញរបស់កម្ពុជា បានបញ្ជូនជនជាតិចិនសរុប ១៣៧៩ នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស Online Scam យ៉ាងសកម្មបន្ទាប់ពីរាជរដ្ឋាភិបាល បានចាត់វិធានការតឹងរឹងបោសសម្អាតលើបទល្មើស Online Scam។
យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា គឺចាប់ថ្ងៃទី៧ បណ្តេញ ១១០ នាក់, ថ្ងៃទី៨ បណ្តេញ ៣១២ នាក់ , ថ្ងៃទី៩ ដល់ថ្ងៃទី១១ ក្នុងមួយថ្ងៃៗ បណ្តេញ ៣១៩ នាក់។ ដោយឡែកមនុស្សជាច្រើនផ្សេងទៀត នៅតែត្រូវបានឃុំខ្លួនបណ្តោះអាសន្ន និង កំពុងស្ថិតក្រោមការស៊ើបអង្កេត តាមនីតិវិធីច្បាប់ មុនធ្វើមាតុភូមិនិវត្តន៍ជាបន្តបន្ទាប់៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច