ខេត្តកំពត៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តកំពតនៅតែបន្តរហូតដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសការអភិវឌ្ឍលើវិស័យទេសចរណ៍ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងវិស័យផ្សេងៗទាំងអស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងខេត្ត។ ជាមួយគ្នានេះដែរ សមិទ្ធផលទេសចរណ៍ថ្មីៗ ប្លែកៗ ដែលទាក់ទាញទេសចរនឹងលេចចេញជារូបរាងមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ លោក ម៉ៅ ធនិន បានលើកឡើងដូចនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកបានលើកឡើងថា ក្រោមកិច្ចសហការរួមគ្នារវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បានធ្វើឱ្យការអភិវឌ្ឍមានការរីកចម្រើន និងដំណើរការដោយរលូនមិនមានការរាំងស្ទះណាមួយឡើយ ដែលនេះបានបង្ហាញពីការខិតខំពីគ្រប់ភាគីដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋជារួម។ លោកអភិបាលខេត្ត ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្នខេត្តនៅតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តមានចំនួនច្រើនគួរឱ្យកត់សម្គាល់ បើទោះបីជាបណ្តាខេត្តមួយចំនួនមានការថយចុះនៃចំនួនភ្ញៀវទេសចរ ដែលនេះបានបង្ហាញឱ្យឃើញថា ខេត្តកំពតគឺជាទីចាប់អារម្មណ៍របស់ទេសចរ ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការរៀបចំទីតាំងរមណីយដ្ឋាន ក៏ដូចជាទីតាំងកម្សាន្តផ្សេងៗ។
លោកអភិបាលខេត្តរូបនេះ បានគូសបញ្ចាក់បន្ថែមថា ក្នុងនាមអាជ្ញាធរខេត្តនៅតែបន្តមានគម្រោងអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសការអភិវឌ្ឍលើវិស័យទេសចរណ៍ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងខេត្ត ព្រោះពលរដ្ឋក្នុងខេត្តភាគច្រើនអាចទាញយកចំណូលប្រចាំថ្ងៃតាមរយៈវិស័យឧស្សាហកម្មគ្មានផ្សែងមួយនេះ។ លោកបានបន្តថា នៅពេលដ៏ខ្លីខាងមុខនេះសមិទ្ធផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀតនឹងលេចចេញជារូបរាងនៅកណ្តាលក្រុងកំពត ហើយសមិទ្ធផលនោះគឺកន្លែងថតរូបមានរូបរាងជា បាតដៃទ្រវ៉េរ៉ង់ដា មានកម្ពស់ ១២ម៉ែត្រ ដែលអាចឱ្យភ្ញៀវទេសចរឡើងថតរូបដោយភ្ជាប់ជាមួយនឹងទេសភាពភ្នំបូកគោ ព្រែកកំពង់បាយ ស្ពានឥន្ទធនូ និងស្ពានថ្មថ្មីជាដើម ពិសេសទេសភាពថ្ងៃរៀបលិច។
លោកអភិបាលខេត្តជឿជាក់ថា សមិទ្ធផលនេះនឹងសាងសង់រួចរាលមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរមកដល់ ហើយសមិទ្ធផលទេសចរណ៍ថ្មីមួយនេះនឹងមានភាពទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន ក៏បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ កងកម្លាំងគ្រប់ប្រភេទ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាបន្តទប់ស្កាត់ចុះបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ចំពោះបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅគ្រប់មូលដ្ឋាន តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ និងការចង្អុលបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច