ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ចម និម្មល៖ «យុទ្ធនាការផលិតផលជាតិ» គឺជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រមួយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំក្រសួង និងតំណាងស្ថាប័នពាក់ព័ន្ធ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «យុទ្ធនាការផលិតផលជាតិ» ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមនៅផ្សារទំនើប Chip Mong 271 Mega Mall នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា «យុទ្ធនាការផលិតផលជាតិ» គឺជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រមួយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ស្របតាមនិន្នាការកើនឡើងនៃការគាំទ្រផលិតផលខ្មែរ ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។ លោកស្រីបានគូសបញ្ជាក់ថា ប្រជាជនកម្ពុជា កាន់តែមានទំនុកចិត្ត និងផ្តល់តម្លៃដល់គុណភាព សុវត្ថិភាព និងអត្តសញ្ញាណរបស់ផលិតផលជាតិ ដែលជាមូលដ្ឋានសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក។

លោកស្រីបានលើកឡើងថា ការអនុវត្តយុទ្ធនាការនេះ មិនអាចខ្វះការចូលរួមពីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាចលករសំខាន់ក្នុងការផលិត និងកែច្នៃផលិតផលក្នុងស្រុកនោះទេ។ ជាមួយគ្នានេះ បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស ក៏មានតួនាទីសំខាន់ក្នុងការផ្ដល់លំហទីផ្សារ បង្កើនឱកាសចែកចាយ និងលើកកម្ពស់ភាពមើលឃើញរបស់ផលិតផលខ្មែរ ដោយមានការសម្របសម្រួល និងគាំទ្រពីក្រសួងពាណិជ្ជកម្ម។

បន្ថែមពីនេះ លោកស្រីបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តរួមចំណែកក្នុងការកសាងវប្បធម៌គាំទ្រផលិតផលជាតិ ដោយឈរលើស្មារតីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក។ ការរួបរួមជាធ្លុងមួយរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន នឹងជំរុញឱ្យមានការបង្កើនផលិតកម្ម ធ្វើពិពិធកម្មផលិតផល បង្កើនគុណភាព និងពង្រីកមូលដ្ឋានឧស្សាហកម្មជាតិឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។

សូមជម្រាបថា ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការនេះ ក៏មានការដាក់តាំងបង្ហាញផលិតផលជាតិរយៈពេល ២ ថ្ងៃ នៅផ្សារទំនើប Chip Mong 271 Mega Mall គឺថ្ងៃទី១៤ និងទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីផ្ដល់ឱកាសដល់សហគ្រាសក្នុងស្រុកបង្ហាញសមត្ថភាពផលិត និងឱ្យប្រជាពលរដ្ឋបានស្គាល់ ក៏ដូចជាគាំទ្រផលិតផលខ្មែរ កាន់តែទូលំទូលាយ ៕

ដោយ៖តារា


ចែករំលែក៖