ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងរ៉ែ និងថាមពល រៀបចំពិព័រណ៍ផលិតផលរ៉ែ រយៈពេលពីរថ្ងៃលើវិថីថ្មើរជើងចតុមុខ ដើម្បីបញ្ជ្រៀបការយល់ដឹងពីប្រយោជន៍របស់រ៉ែក្នុងសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល រៀបចំពិព័រណ៍ផលិតផលរ៉ែរយៈពេលពីរថ្ងៃ (១៤-១៥ ខែកុម្ភៈ) នៅលើវិថីថ្មើរជើងចតុមុខ ដើម្បីបញ្ជ្រៀបការយល់ដឹងពីប្រយោជន៍របស់រ៉ែក្នុងសេដ្ឋកិច្ចកម្ពុជា។

ពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦ ត្រូវបានប្រារព្ធបើកជាផ្លូវការក្រោមអធិបតីភាពលោក កែវ រតនៈ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ

ក្រសួងរ៉ែនិងថាមពល ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ សមាគម ក្រុមហ៊ុន សាស្ត្រាចារ្យនិងនិស្សិត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណ២៥០នាក់។

ពិព័រណ៍ផលិតផលរ៉ែលើកទី១នេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីវាលរូបសំណាកតជោមាស តេជោយ៉ត ទល់មុខវត្តឧណ្ណាលោម ជាប់ផ្លូវថ្មើរជើងចតុមុខ ដោយមានការចូលរួមពីបណ្តាក្រសួង ស្ថាប័ន សមាគម ក្រុមហ៊ុន និងសហគ្រាសអាជីវកម្មរ៉ែ សរុបចំនួន២១ ចែកចេញជា ៣១ស្តង់ ក្នុងនោះរួមមានស្តង់របស់ក្រសួងរ៉ែ និងថាមពល ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងបរិស្ថាន

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា ក្រុមហ៊ុនថ្មអារ ក្រុមហ៊ុនរ៉ែមាស ក្រុមហ៊ុនស៊ីម៉ងត៍ សហគ្រាសអាជីវកម្មរ៉ែថ្មកំបោរផលិតម្សៅបៀក ក្រុមហ៊ុនអាជីវកម្មម្សៅថ្មក្វាត ក្រុមហ៊ុនស្វែងរុករករ៉ែ ក្រុមហ៊ុនទឹករ៉ែធម្មជាតិ និងក្រុមហ៊ុនចម្លាក់ផលិតផលថ្មរ៉ែ ដើម្បីធ្វើការផ្សព្វផ្សាយសមិទ្ធផលការងារ និងតាំងបង្ហាញផលិតផលរ៉ែសំខាន់ៗមួយចំនួនជូនដល់សាធារណជនជាតិ និងអន្តរជាតិ។

លោក កែវ រតនៈ បានឱ្យដឹងថា ការរៀបចំពិព័រណ៍នេះ ដើម្បីលើកកម្ពស់ការយល់ដឹងលើវិស័យរ៉ែរបស់កម្ពុជា និងការចូលរួមលើសេដ្ឋកិច្ចជាតិ។ ក្រៅពីបញ្ជ្រៀបការយល់ដឹងលើវិស័យរ៉ែរបស់កម្ពុជាហើយនោះ ពិព័រណ៍នេះ ក៏មានគោលដៅលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរគាំទ្រផលិតផលរ៉ែរបស់ខ្មែរ មានដូចជាថ្មអារ ថ្មាក្រានីត និងស៊ីម៉ង់តិ៍ជាដើម កាត់បន្ថយការនាំចូល ដែលនាំឱ្យលុយរបស់ខ្មែរហូរចេញទៅក្រៅ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីបានធ្វើឱ្យវិស័យរ៉ែមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ផលិតផលរ៉ែទាំងអស់ដែលបានដាក់តាំងបង្ហាញនៅពេលនេះ ត្រូវបានកែច្នៃចេញពីធនធានរ៉ែដែលមាននៅកម្ពុជា សម្រាប់បម្រើឱ្យតម្រូវការទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលនិងបាននាំចេញទៅកាន់ទីផ្សារបរទេសមួយចំនួនថែមទៀត។

ជាក់ស្ដែងចាប់ពីឆ្នាំ២០២៣ កម្ពុជា បានប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ង់ត៍១០០ភាគរយ ទៅជាប្រទេសអាចផ្គត់ផ្គង់តម្រូវការទាំងស្រុងនិងក្លាយជាប្រទេស ដែលនាំចេញស៊ីម៉ងត៍ជាលើកដំបូង។ លើសពីនេះ ក្រោមការកែទម្រង់ និងគាំទ្ររបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៅដើមអាណត្តិទី៧ ផលិតផលថ្មអារសម្រាប់នាំចេញក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំង។

រហូតមកទល់នឹងបច្ចុប្បន្ននេះទុនវិនិយោគសរុបក្នុងវិស័យរ៉ែមានជិត ៣ពាន់លានដុល្លារអាម៉េរិក ហើយបានបង្កើតការងារដោយផ្ទាល់ប្រមាណ ១២ ១៣០នាក់។ ក្នុងនោះប្រជាពលរដ្ឋខ្មែរប្រមាណ ១១ ៥៤៧នាក់ ស្មើនឹង ៩៥%។

របាយការណ៍បានបង្ហាញថា ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ដោយមានកំណើនពី ១៣,១០លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០១៦ ដល់ ១៣៥,៥៥លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៥៕

ដោយ៖តារា


ចែករំលែក៖