ខេត្តកំពត៖ មន្ត្រីជំនាញសុរិយោដីខេត្តកំពតបានឱ្យដឹងថា ការងារនៃការចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតទាំង៩៣ឃុំ-សង្កាត់ ដែលមាន ៤៩១ភូមិ ដែលមានក្បាលដីប៉ាន់ស្មានសរុបជាង ៧៧ម៉ឺនក្បាលដីត្រូវបានបញ្ចប់ទាំងស្រុងក្នុងឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ ការងារចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋ មន្ទីរជំនាញនិងរៀបចំចែកជូនឱ្យបានអស់នៅក្នុងឆ្នាំ២០២៦នេះ។
នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋចំនួន២ភូមិ និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ៣ភូមិក្នុងស្រុកកំពង់ត្រាច ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្ត ឧទុម្ពរ ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត លោក ព្រាប សុផាត បានឱ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងដោយមានការដឹកនាំគាំទ្រ ចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញឱ្យការងារចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានឆាប់រហ័ស ស្របតាមផែនការដែលបានគ្រោងទុកដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ក្រុមការងារមន្ទីរបានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតរួចរាល់ទាំងស្រុង ទាំង ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ ដែលមានក្បាលដីប៉ាន់ស្មានសរុបជាង ៧៧ម៉ឺនក្បាលដី កាលពីឆ្នាំ២០២៥កន្លងទៅ។ ទន្ទឹមនឹងនោះ ក្រុមការងាររបស់មន្ទីរនិងពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិ និងធ្វើការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានអស់នៅក្នុងឆ្នាំ២០២៦តាមការគ្រោងទុក ដើម្បីឆ្លើយតបការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ដែលបានខិតខំពុះពារក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លី រហូតប្រសូតបាននូវបណ្ណកម្មសិទ្ធិជូនពលរដ្ឋនាពេលកន្លងមក ក៏ដូចជាពេលនេះ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា បណ្ណកម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាខេត្តកំពតនាពេលនេះ គឺជាចំណងដៃដ៏កាត់ថ្លៃពុំបានរបស់ប្រមុខរាជរដ្ឋាភិបាល តាំងពីអាណត្តិសម្តេចតេជោ ហ៊ុន សែន រហូតបន្តមកដល់អាណត្តិសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូរចំពោះការប្រើប្រាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាឱ្យស្របទៅតាមច្បាប់កំណត់ ពិសេសឈានទៅបញ្ចប់ជម្លោះដីធ្លី។ ឯកឧត្តមអភិបាលខេត្តកំពត ក៏បានជំរុញឱ្យពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីទាំងអស់ សូមយកទៅប្រើប្រាស់ឱ្យបានចំគោលដៅដើម្បីទាញយកប្រយោជន៍ពីវិស័យដីធ្លី ពិសេសសូមកុំឱ្យមានវិវាទដីធ្លីក្រោយពេលទទួលបានបណ្ណកម្មសិទ្ធិ ព្រោះការសម្របស្រួល និងដោះស្រាយ ឯកឧត្តមមិនមានសិទ្ធិនោះទេ ដោយការដោះស្រាយគឺត្រូវស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ។
សូមបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះមានចំនួន ២ភូមិ មានភូមិភ្នំដំរី ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងជើង និងភូមិព្រែកក្រឹស ស្ថិតក្នុងឃុំព្រែកក្រឹស មានក្បាលដីសរុបចំនួន ១៤៩ក្បាលដី ស្មើនឹង ១៤២គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យចំនួន ៣ភូមិ មានភូមិអូរស្លែង ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងជើង ភូមិអង្គរជ័យទី២ ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង និងភូមិកំពង់ត្រាចទី១ ស្ថិតក្នុងឃុំកំពង់ត្រាចខាងកើត មានក្បាលដីសរុបចំនួន ៣.៦៧៣ក្បាលដី ស្មើនឹង ២.៣៤៧គ្រួសារ៕

ដោយ÷ចន្ទ លីហ្សា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច