ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះទុកចោលក្នុងផ្សារស្អាងអស់ ៨០ភាគរយ សមត្ថកិច្ចចេញរថយន្តពន្លត់ទាន់ពេលវេលា

ចែករំលែក៖

ខេត្តកណ្តាល៖ ផ្ទះឈើ ១ខ្នង ដែលគ្មានមនុស្សស្នាក់នៅត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាល មកពីការឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជីវករ មុននឹងកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះអន្តរាគមន៍ពន្លត់ទាន់ពេលវេលា។ គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីថ្ងៃទី២០ កុម្ភៈ ២០២៦ វេលាម៉ោង ៦ និង០០នាទីព្រឹក នៅចំណុចក្នុងផ្សារស្អាង (ខាងត្បូង) ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ប៉ុន សេងគី ភេទស្រី អាយុ៧២ឆ្នាំ ជាស្ត្រីជរាពាធ។ ផ្ទះដែលរងការឆាបឆេះមានទំហំ ៤ម៉ែត្រ x ៥ម៉ែត្រ សង់អំពីឈើ ជញ្ជាំងស័ង្កសី និងដំបូលប្រក់សង័្កសី ដោយរងការខូច ខាតអស់ ៨០ភាគរយ ប៉ុន្តែមិនមានខូចខាតសម្ភារៈអ្វីនោះឡើយ ព្រោះជាផ្ទះទុកចោលគ្មានមនុស្សស្នាក់នៅ។

លោកអធិការបានបន្តថា មុនពេលកើតហេតុ គេបាន ឃើញអណ្ដាតភ្លើងឆេះចេញពីក្នុងផ្ទះកើតហេតុ បង្កជាសំឡេងស្រែកឆោឡោពីអ្នកនៅក្នុងផ្សារ ដែលទីតាំងនោះនៅចម្ងាយប្រហែល ៣០ម៉ែត្រ ពីលំនៅឋានរបស់លោក ជឺ គីមហៃ គណៈបញ្ជាការឯកភាពស្រុក។ ភ្លាមៗនោះ លោក ជឺ គីមហៃ បានផ្ដល់ដំណឹងមកកាន់កម្លាំងអធិការដ្ឋាន និងបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះអន្តរាគមន៍ផ្ទាល់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង និងប្រើទឹកអស់ ១រថយន្ត ស្មើនឹង ៧ម៉ែត្រគូប។

លោកអធិការបានបញ្ជាក់ថា ប្រតិបត្តិការសង្គ្រោះនេះប្រើរយៈពេល ៣០នាទី ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនមានមនុស្សរងរបួស និងមិនរាលដាលដល់ផ្ទះអាជីវករដទៃឡើយ។ ទន្ទឹមនឹងនេះ គណៈបញ្ជាការឯកភាពស្រុកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងផ្សែង ចង្ក្រានបាយ និងការប្រើប្រាស់ចរន្តអគ្គិសនី ជាពិសេសមិនត្រូវបើកភ្លើងចោលពេលបិទទ្វារផ្ទះគ្មានមនុស្សនៅ ដែលអាចបណ្ដាលឲ្យឆ្លងចរន្តក្លាយជាអគ្គិភ័យដូចករណីនេះស្រាប់៕


ចែករំលែក៖