ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលបេះដូងសប្បុរស និងកញ្ញាឯកកម្ពុជា ២០១៦ ចំណាយពេលវេលាដ៏មានតម្លៃជាមួយអង្គការបណ្តុះបណ្តាលកុមារកំព្រា យុវជនពិការ និងស្ត្រីក្រីក្រ

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី ០៨ តុលា ២០១៦ ៖ ណាហ្គាវើលបេះដូងសប្បុរស ដែលជាកម្មវិធីចុះជួយដល់មូលដ្ឋានផ្តួចផ្តើមបង្កើតឡើងដោយបុគ្គលិកណាហ្គាវើល និងគាំទ្រដោយណាហ្គាវើលដែលជាមណ្ឌលកម្សាន្ត និងសណ្ឋាគារនាំមុខក្នុងតំបន់ទន្លេមេគង្គ បានរៀបចំកម្មវិធីចែករំលែកក្តីស្រឡាញ់ដល់អង្គការបណ្តុះបណ្តាលកុមារកំព្រា យុវជនពិការ និងស្រ្តីក្រីក្រជាមួយបេក្ខនារីកញ្ញាឯកវគ្គផ្តាច់ព្រ័ត្រកម្ពុជា ២០១៦ ។

បុគ្គលិកស័្មគ្រចិត្តណាហ្គាវើលបេះដូងសប្បុរស និងបេក្ខនារីកញ្ញាឯកវគ្គផ្តាច់ព្រ័ត្រកម្ពុជា បានចែករំលែកក្តីស្រឡាញ់ជាមួយកុមារកំព្រា យុវជនពិការ និងស្ត្រីក្រីក្រសរុបជាង ១០០ នាក់ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយជាទីបំផុត ។

នេះគឺជាឱកាសដ៏ល្អសម្រាប់កញ្ញាឯកកម្ពុជារបស់យើងចំណាយពេលដ៏មានតម្លៃចូលរួមបង្ហាត់បង្រៀនរាំដល់កុមារ និងចូលរួមដាំកូនឈើជាមួយកុមារដើម្បីជួយលើកកម្ពស់ការយល់ដឹងផ្នែកបរិស្ថាននៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

បន្ទាប់ពីចំណាយពេលរីករាយជាមួយគ្នា កញ្ញាឯកកម្ពុជា និងអ្នករៀបចំកម្មវិធីកញ្ញាឯកកម្ពុជា រួមជាមួយក្រុមការងារណាហ្គាវើលបេះដូងសប្បុរស បានចែកសៀវភៅសរសេរ កាតាប ប៊ិច និងអាហារផងដែរដល់កុមារ យុវជនពិការ និងស្ត្រីក្រីក្រនៅក្នុងអង្គការនេះ ។

គួរបញ្ជាក់ថា ណាហ្គាវើល គឺជាសណ្ឋាគារផ្លូវការនៃកម្មវិធីប្រឡងកញ្ញាឯកកម្ពុជា ២០១៦ ហើយកម្មវិធីកញ្ញាឯកកម្ពុជា ២០១៦ លើកដំបូងនេះ នឹងផ្តល់ឱកាសឲ្យកញ្ញាឯករបស់ព្រះរាជាណាចក្រកម្ពុជាចូលរួមប្រឡងជាលក្ខណៈអន្តរជាតិ ។

ណាហ្គាវើល មានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃកម្មវិធីប្រឡងកញ្ញាឯកកម្ពុជានេះ ហើយណាហ្គាវើល នឹងផ្តល់កន្លែងស្នាក់នៅឥតគិតថ្លៃដល់បេក្ខនារីកញ្ញាឯកវគ្គផ្តាច់ព្រ័ត្រ ២០ រូបជាងមួយសប្តាហ៍រហូតដល់ថ្ងៃប្រឡងផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ទី ១៤ តុលា ២០១៦ ពីម៉ោង ០៧:០០ យប់ដល់ ១០:០០ យប់ នៅបន្ទប់ Grand Ballroom សណ្ឋាគារណាហ្គាវើល ។ លើសពីនេះទៅទៀត គ្រឿងបរិក្ខារផ្សេងៗ និងមធ្យោបាយធ្វើដំណើរក្នុងរយៈពេលប្រឡងនេះ ក៏នឹងឧបត្ថម្ភដោយណាហ្គាវើលផងដែរ ។

ណាហ្គាវើលបេះដូងសប្បុរស
ចាប់តាំងពីបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ មក ណាហ្គាវើលបេះដូងសប្បុរស បានជួយកុមារជាង ១០០.០០០ (ដប់ម៉ឺន) នាក់នៅតាមសាលារៀនជាង ១០០ ដោយបានឧបត្ថម្ភអង្ករ សម្ភារៈសិក្សា សៀវភៅពុម្ព ជួសជុលសាលារៀននៅតាមបណ្តាខេត្ត សង់បណ្ណាល័យ បណ្តុះបណ្តាលកីឡា ដាំកូនឈើ និងរៀបចំការប្រកួតសរសេរតែងសេចក្តី និងប្រកបពាក្យភាសាអង់គ្លេស ។ល។ ៕ សដារ៉ា

img_2659 img_2660


ចែករំលែក៖