ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗចំណែកមនុស្សប្រុសស្រី៤នាក់ទៀតបានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតគ្នា ហេីយបានដួលចូលក្រោមរថយន្តកុងតឺន័រកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ មុខវត្តអរុណវតី ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1MH-3189 ជិះដោយយុវជន៣នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KK-4611 បេីកបរដោយយុវជនម្នាក់ឌុបនារីម្នាក់ធ្វេីដំណេីរឆ្លងផ្លូវចេញពីវត្តអរុណវតី ហេីយក៏បានទាក់ដៃចង្កូតគ្នាដួលទៅលើថ្នល់ ភ្លាមៗនោះមានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ3E-6131 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចបានកិនបណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗ ចំណែកមនុស្សប្រុសស្រី៤នាក់ទៀតបានរងរបួសធ្ងន់និងស្រាល។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរណ៍ចុះវាស់វែងហើយអូសយកម៉ូតូទាំង២គ្រឿងនិងរថយន្តទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ ចំណែកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី រីឯអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច