ខេត្តកណ្តាល៖កម្លាំងនគរបាលក្រុងតាខ្មៅបានស្រាវ ជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត និងអំពើលួច ដោយប្រើល្បិចសុំខ្ចីទូរស័ព្ទតេមួយភ្លែតរួចរត់គេច ហើយពេលម្ចាស់រវល់ដេញតាម ក៏ត្រូវបក្ខពួកផ្សេងទៀតលួចយកម៉ូតូដែលចតចោលជិះគេចខ្លួនបាត់ទៅទៀត។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ កុម្ភៈ ២០២៦ វេលាម៉ោង ២០និង៣០នាទីយប់ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិព្រែកហូរលិចទី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ ង៉ា (ប្រុស, ៣៦ឆ្នាំ) មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដែលបានបាត់បង់ទូរស័ព្ទដៃម៉ាក TECNO ពណ៌ខ្មៅ ១គ្រឿង និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1W-0900 ចំនួន ១គ្រឿង។
លោកអធិការបានបន្តថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនបានមានចំនួន ៤នាក់រួមមានទី១ឈ្មោះ ភ័ណ្ឌ ចាន់សុខ (ប្រុស, ២១ឆ្នាំ) ទី២ឈ្មោះ ជា គា (ប្រុស, ៣២ឆ្នាំ) ទី៣ឈ្មោះ ស៊ីម ស៊ីមិន (ប្រុស, ១៧ឆ្នាំ) និងទី៤ឈ្មោះ វណ្ណៈ សំណាង ហៅ ជីឡូ (ប្រុស, ២១ឆ្នាំ) អ្នកទាំង ៤នាក់ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ និងមានសារធាតុញៀនក្នុងទឹកនោមដូចគ្នា។ វត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមានទូរស័ព្ទដៃម៉ាក TECNO ពណ៌ខ្មៅ ១គ្រឿង និងស្លាកលេខម៉ូតូបាត់ដំបង 1W-0900 ចំនួន ១សន្លឹក។
លោកអធិការបានបញ្ជាក់ពីដំណើររឿងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀតបានជិះម៉ូតូមកទិញចំណីអាហារនៅចំណុចកើតហេតុ។ ពេលនោះ ជនសង្ស័យឈ្មោះ ជា គា បានមកលួងលោមសុំខ្ចីទូរស័ព្ទដើម្បីតេមួយភ្លែត រួចក៏ឆ្លៀតឱកាសរត់គេចខ្លួនបាត់។ ឃើញដូច្នេះ ជនរងគ្រោះក៏បានរត់ដេញតាមចាប់ ស្រាប់តែមានជនសង្ស័យ ២នាក់ផ្សេងទៀតបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់ទៀត។ ក្រោយធ្វើសកម្មភាពរួច ឈ្មោះ ជា គា បានពឹងឈ្មោះ ភ័ណ្ឌ ចាន់សុខ ឲ្យជិះម៉ូតូឌុបខ្លួនយកទូរស័ព្ទទៅបញ្ចាំបានប្រាក់ ៣០ដុល្លារ ហើយបានចែកលុយឲ្យទៅឈ្មោះ ភ័ណ្ឌ ចាន់សុខ ចំនួន ១ម៉ឺន ៥ពាន់រៀល និងទិញភេសជ្ជៈ ១កំប៉ុង។
ប្រភពដដែលបានបន្ថែមថា ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរដើម្បីឲ្យជួយស្រាវជ្រាវ។ លុះដល់ថ្ងៃបន្ទាប់គឺថ្ងៃទី២០ កុម្ភៈ ២០២៦ កម្លាំងនគរបាលប៉ុស្តិ៍បានបន្តការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៤នាក់យកមកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពលួចទូរស័ព្ទ និងលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច