ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្តាយធ្វេសប្រហែសបណ្តោយកូនស្រីអាយុ ៥ឆ្នាំ រត់ឆ្លងផ្លូវម្នាក់ឯងទៅបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល៖ ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់ បានរងរបួសយ៉ាងទម្ងន់ បន្ទាប់ពីរត់ឆ្លងថ្នល់ម្នាក់ឯងទៅបុកម៉ូតូ ១គ្រឿង ដែលកំពុងបើកបរលើដងផ្លូវ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ កុម្ភៈ ២០២៦ វេលាម៉ោង ១៦ និង៥០នាទី នៅលើកំណាត់ផ្លូវលេខ៧០B ស្ថិតក្នុងភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ដោយសមត្ថកិច្ចសន្និដ្ឋានថាបណ្ដាលមកពីការធ្វេសប្រហែសរបស់អាណាព្យាបាល។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកល្វាឯម បានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះ ចិន្ដា ម៉ុតា អាយុ ៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកឯភាគីម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IC-2282 បើកបរដោយឈ្មោះ វង់ ចិត្រា ភេទ ប្រុស, អាយុ ២៤ឆ្នាំនិងមានអ្នករួមដំណើរឈ្មោះ អឿ រស្មី (ស្រី, ៤៨ឆ្នាំ) ត្រូវជាម្ដាយរបស់អ្នកបើកបរ អ្នកទាំង ពីរមានទីលំនៅភូមិកន្លោង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (មិនមានរងរបួសនោះទេ)។

 

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ម៉ូតូខាងលើបានធ្វើដំណើរប្រកាន់ស្ដាំក្នុងទិសដៅពីត្បូងទៅជើង (ពីឃុំពាមមានជ័យ ស្រុកពាមរក៌ ឆ្ពោះទៅឃុំកោះកែវ ស្រុកល្វាឯម) ដោយមានពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយត្រឹមត្រូវ។ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែកុមារីរងគ្រោះបានរត់ឆ្លងផ្លូវពីលិចទៅកើត មកបុកម៉ូតូដែលកំពុងធ្វើចរាចរណ៍ចំផ្នែកខាងឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។ ភ្លាមៗនោះ សាច់ញាតិបានបញ្ជូនកុមារីរងគ្រោះទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំសំបួរ មុនពេលសមត្ថកិច្ចចុះទៅដល់ ហើយទីកន្លែងកើតហេតុក៏ត្រូវបានប្រែប្រួលផងដែរ។

ក្រោយពេលចុះដល់ទីតាំងកើតហេតុ សមត្ថកិច្ចសន្និដ្ឋានថា គ្រោះថ្នាក់នេះបណ្ដាលមកពីអាណាព្យាបាលខ្វះការប្រុងប្រយ័ត្ន ដោយនៅឈរខាងលិចផ្លូវ ហើយបណ្ដោយឲ្យក្មេងអាយុក្រោម ៦ឆ្នាំរត់ឆ្លងផ្លូវតែម្នាក់ឯងទៅបុកម៉ូតូ។

បច្ចុប្បន្ន មធ្យោបាយពាក់ព័ន្ធត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕


ចែករំលែក៖