ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ឯកអគ្គរាជទូតត្រូវធ្វើការទន់ភ្លន់ ម៉ឺងម៉ាត់ តម្កល់ផលប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិជាធំ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឯកអគ្គរាជទូត មិនត្រឹមតែតំណាងឱ្យក្រសួងការបរទេសប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។ បេសកកម្មការទូតជាការងារដ៏ឧត្តុង្គឧត្តម ត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិនិងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ឯកអគ្គរាជទូតត្រូវធ្វើការដោយភាពទន់ភ្លន់ ម៉ឹងម៉ាត់ និងត្រូវតម្កល់ផលប្រយោជន៍ពលរដ្ឋនិងប្រទេសជាតិជាធំ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងដូច្នេះនៅព្រឹកថ្ងៃ២៤ ខែកុម្ភៈឆ្នាំ២០២៦ ក្នុងឱកាសអនុញ្ញាតជូន ឯកអគ្គរាជទូតចំនួនបួនរូបដែលទើបទទួលបានការតែងតាំងក្នុងការបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសនានា បានចូលជួបសម្តែងការគូរសម ជម្រាបលានិងទទួលអនុសាសន៍ នៅមុនពេលចាកចេញពីមាតុប្រទេសទៅបំពេញបេសកកម្ម។

ឯកឧត្តមអគ្គរាជទូតដែលទើបតែងតំាងនិងបានចូលជម្រាបលា និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភានាឱកាសនេះមាន លោក ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតប្រចាំប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ លោកស្រី ទូច សុផារត្ន ឯកអគ្គរាជទូត ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ឆាយ មករា ឯកអគ្គរាជទូត ប្រចាំរដ្ឋកូវ៉ែត លោក ផូ សំអាង ឯកអគ្គរាជទូតជាប្រចាំសាធារណរដ្ឋគុយបា។

សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកស្រី លោក ឯកអគ្គរាជទូតទើបតែងតាំងថ្មីទាំងបួនរូប ក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមសម្តែងនូវក្តីរីករាយ និងអបអរសាទរយ៉ាងខ្លាំងចំពោះលោក លោកស្រី ឯកអគ្គរាជទូត ដែលត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់សេចក្តីទុកចិត្តតែងតាំង ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំបណ្តាប្រទេសនានា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ជាមន្រ្តីការទូត ជាប្រភពព័ត៌សំខាន់មួយ សម្រាប់ថ្នាក់ដឹកនាំផងដែរ។ បេសកកម្មការទូតពិតជាសំខាន់ខ្លាំង បំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកខាងក្នុងប្រទេស ដោយរួមចំណែកការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។ ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ ក្នុងនាមជាមន្រ្តីការទូត ចំាបាច់ត្រូវមានសមត្ថភាព ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងការទូតរបស់រដ្ឋ ការទូតសភា និងការទូតផ្សេងៗ ដូចជាការទូតសេដ្ឋកិច្ច ការទូតប្រជាជន។ ក្រៅពីការបំពេញបេសកកម្មការទូត ឯកអគ្គរាជទូតក៏ជាអាណាព្យាបាលលើពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ សិក្សា ឬរកទទួលទាននៅតាមបណ្តាប្រទេសដែលខ្លួនបំពេញបេសកកម្មការទូតផងដែរ។ អ្នកការទូតត្រូវផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋ ត្រូវរក្សាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីរបស់ជាតិដល់អន្តរជាតិបានដឹង។

លោក ណុំ ពិសិដ្ឋ តំណាងឯកអគ្គរាជទូតទំាងបួនរូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់ឱកាសជូន លោក និងលោកស្រី ទំាងអស់ បានចូលជួប សម្តែងការគួរសម ជម្រាបលា ពិសេសទទួលបានអនុសាសន៍ល្អៗនៅក្នុងឱកាសនេះ។ លោកបានបង្ហាញពីការតំាងចិត្តខ្ពស់ នៅក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យទទួលបានជោគជ័យ ឆ្លើយតបចំពោះការជឿទុកចិត្តដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ស្របតាមគោលនយោបាយការទូតរបស់កម្ពុជា ឱ្យមានប្រសិទ្ធិភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖