ព័ត៌មានទាន់ហេតុការណ៍៖

អ្នកធ្វើដំណើរចិន ក្លាយជាអ្នកចំណាយខ្ពស់បំផុតនៅអាកាសយានដ្ឋានអាស៊ី

ចែករំលែក៖

ការសិក្សាថ្មីមួយបានបង្ហាញថា អ្នកធ្វើដំណើរពីប្រទេសចិន ចំណាយប្រាក់នៅអាកាសយានដ្ឋានក្នុងតំបន់អាស៊ីច្រើនជាងអ្នកដទៃក្នុងតំបន់។

ការចំណាយលើទំនិញប្រណិតរបស់ពួកគេនៅអាកាសយានដ្ឋាន គឺខ្ពស់ជាងមធ្យមភាគតំបន់អាស៊ី-ប៉ាស៊ីហ្វិកដល់ទៅ 2 ដង នេះបើយោងតាមរបាយការណ៍ចេញផ្សាយដើមខែនេះដោយក្រុមប្រឹក្សាអាកាសយានដ្ឋានតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា (Airports Council International Asia-Pacific and Middle East) ដែលតំណាងឲ្យអាកាសយានដ្ឋានជាង 600 កន្លែង ក្នុង 44 ប្រទេស និងដែនដី។

លទ្ធផលនេះផ្អែកលើទិន្នន័យពីហាងលក់ទំនិញ និងអ្នកដំណើរ នៅអាកាសយានដ្ឋានធំៗ 36 កន្លែង ក្នុង 21 ប្រទេស នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា។

លោក Stefano Baronci អគ្គនាយករបស់ក្រុមប្រឹក្សានេះ បាននិយាយថា អ្នកធ្វើដំណើរចិន មាន “ការចំណាយក្នុងមួយនាក់ខ្ពស់បំផុតក្នុងចំណោមសញ្ជាតិទាំងអស់” ក្នុងរយៈពេលក្រោយជំងឺរាតត្បាត។ នេះបើយោងតាមការដកស្រង់ដោយ South China Morning Post។

របាយការណ៍ក៏បានបង្ហាញថា អ្នកដំណើរពីប្រទេសឥណ្ឌា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ក៏ជាអ្នកចំណាយខ្ពស់នៅអាកាសយានដ្ឋានផងដែរ។

លោក Baronci បានបញ្ជាក់ថា ស្ករគ្រាប់ និងបង្អែមជាផលិតផលពេញនិយមសម្រាប់អ្នកធ្វើដំណើរចិន ដែលភាគច្រើនទិញយកធ្វើជាអំណោយ។ ប្រហែល 27% នៃពួកគេបានជ្រើសរើសបង្អែមជាប្រភេទទំនិញពេញចិត្ត ខណៈ 17% ជ្រើសរើសផលិតផលក្នុងស្រុក និង 12% ជ្រើសរើសទំនិញប្រណិត។

យ៉ាងណាក៏ដោយ លោកបានបន្ថែមថា អ្នកដំណើរចិនកំពុងផ្លាស់ប្តូរការចំណាយទៅកាន់អាកាសយានដ្ឋានក្នុងស្រុកកាន់តែច្រើន ដោយសារគោលនយោបាយលក់ទំនិញគ្មានពន្ធ (duty-free) ត្រូវបានពង្រីក។ ការចំណាយរបស់ពួកគេនៅអាកាសយានដ្ឋានក្នុងស្រុកបានកើនឡើង 20% បើប្រៀបធៀបនឹងឆ្នាំ 2019។

សារព័ត៌មាន The Korea Times បានរាយការណ៍ថា អ្នកប្រតិបត្តិការហាងលក់ទំនិញគ្មានពន្ធនៅកូរ៉េខាងត្បូង សិង្ហបុរី និងថៃ កំពុងជួបការលក់ស្រកចុះ ទោះបីចំនួនអ្នកដំណើរចិនបានស្ដារឡើងវិញក៏ដោយ។

ទិន្នន័យថ្មីក្នុងអំឡុងបុណ្យចូលឆ្នាំចិន (Lunar New Year) ក៏បង្ហាញថា ទំនុកចិត្តរបស់អ្នកធ្វើដំណើរចិនកំពុងប្រសើរឡើង ដោយការចំណាយ និងចំនួនដំណើររបស់ពួកគេឈានដល់កំណត់ត្រាថ្មី នេះបើយោងតាម Bloomberg។

តាមទិន្នន័យពីក្រសួងវប្បធម៌ និងទេសចរណ៍ចិន ការចំណាយទេសចរណ៍ក្នុងស្រុកក្នុងអំឡុងថ្ងៃឈប់សម្រាក 9 ថ្ងៃ បានឈានដល់ 803.5 ពាន់លានយ័ន (ប្រហែល 117 ពាន់លានដុល្លារ) កើនឡើង 126.5 ពាន់លានយ័ន បើប្រៀបធៀបនឹងឆ្នាំមុន៕


ចែករំលែក៖