ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ស្រាលបីនាក់និងស្លាប់ម្នាក់រវាងម៉ូតូនឹងម៉ូតូកៀរគ្នាចូលក្រោមរថយន្តធុនធំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ មនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល រីឯម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងទីប្រជុំជនត្រង់ចំណុចមុខវិទ្យាល័យជប់វារី ចន្លោះបង្គោលគីឡូម៉ែត្រលេខ 392-393 ដែលស្ថិតក្នុងភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបន្តថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារម៉ូតូប៉ះកៀរម៉ូតូនិងជ្រុលទៅបុករថយន្ដធុនធំមិនស្គាល់អត្តសញ្ញាណបណ្ដាលឲ្យស្លាប់1នាក់ របួសធ្ងន់ស្រាល3នាក់ ។

នគរបាលស្រុកព្រះនេតព្រះបានឲ្យដឹងថា មុនដំបូងមានរថយន្ដធុនធំ០1គ្រឿង (មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរបើកបរគេចពីកន្លែងកើតហេតុ) បើកបរក្នុងទិសដៅពីកើតទៅលិច ស្របពេលនោះក៏មានម៉ូតូចំនួន០2គ្រឿង ក្នុងនោះមានម៉ូតូ1គ្រឿងម៉ាកHonda Dream ពណ៌ក្រហម សេ៊រីឆ្នាំ២០២៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1AC-8883 បើកបរដោយឈ្មោះសុខ ចាំ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកសាងថ្មី ឃុំ

គយមែង ស្រុកមង្គលបុរី និងអ្នករួមដំណើរម្នាក់ឈ្មោះអែម ផារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពាម ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ  និង1គ្រឿងទៀតម៉ាកHonda Dream ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៧ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1Q-6955 បើកបរដោយឈ្មោះមូច មករា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពាម ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ មានអ្នករួមដំណើរម្នាក់ឈ្មោះ ទិត វិបុល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពាម ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ  បានបើកបរក្នុងទិសដៅពីលិចទៅកើតមានល្បឿនលឿនមិនប្រកាន់គន្លងរបស់ខ្លួនបានរេចង្កូតទៅខាងឆ្វេងដៃក៏ប៉ះគ្នាជាមួយម៉ូតូម្ខាងទៀត ហើយបានជ្រុលទៅបុកប៉ះនឹងរថយន្ដធុនធំដែលមកពីទិសផ្ទុយគ្នាទើបបណ្ដាលឲ្យកើតមានគ្រោះថ្នាក់តែម្ដង។នគរបាលបានបញ្ជាក់ថា ក្រោយពេលកើតហេតុអ្នកបើកបរម៉ូតូHonda Dream សេ៊រីឆ្នាំ២០២៥ អ្នករួមដំណើរនិងម៉ូតូ នៅកន្លែងកើតហេតុ។

អ្នកបើកបរម៉ូតូHonda Dream សេ៊រីឆ្នាំ២០១៧ អ្នករួមដំណើរនិងម៉ូតូ នៅកន្លែងកើតហេតុ។  ចំណែករថយន្តបើកគេចខ្លួនបាត់ស្រមោល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លាប់០១នាក់(ប្រុស) អ្នកបើកបរម៉ូតូពាក់ផ្លាកលេខ1AC-8883ប.ជ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យបតាមប្រពៃណី។

របួសធ្ងន់០២នាក់(ប្រុស) អ្នកបើកបរ

និងអ្នករួមដំណើរម៉ូតូពាក់ស្លាកលេខ1Q-6955ប.ជនិងរបួសស្រាល០១នាក់(ប្រុស) អ្នករួមដំណើរម៉ូតូ1AC-8883ប.ជ។

អ្នករបួសធ្ងន់និងរបួសស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី។ ម៉ូតូទាំង2គ្រឿងរងការខូចខាតធ្ងន់ផ្នែកខាងមុខ។ មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ ព្រោះអ្នកបើកបរម៉ូតូទាំង០2គ្រឿងបើកបរមានល្បឿនលឿននៅពេលយប់និងជិះប្រដេញគ្នា ឆ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ។ វត្ថុតាងម៉ូតូ០២គ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកព្រះនេត្រព្រះ៕

ដោយ៖វណ្ណា

 


ចែករំលែក៖