ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងស្តីពីការកំណត់ពេលវេលាក្នុងការបើកឧបករណ៍បំពងសម្លេងសម្រាប់អាជីវកម្ម ចិញ្ចឹមសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ក្នុងក្រុងស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការកំណត់ពេលវេលាក្នុងការបើកឧបករណ៍បំពងសម្លេងសម្រាប់អាជីវកម្ម ចិញ្ចឹមសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ក្នុងក្រុងស្ទឹងត្រែង

យោងអនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យការ បំពុលខ្យល់ និងការរំខានដោយសំលេង និងស្មារតីកិច្ចប្រជុំនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែង។

រដ្ឋបាលខេត្តស្ទឹងត្រែង មានកិត្តិយសសូមជូនដំណឹងដល់ម្ចាស់ទីតាំងដែលកំពុងចិញ្ចឹមសត្វ ត្រចៀកកាំទាំងអស់ក្នុងក្រុងស្ទឹងត្រែងឱ្យបានជ្រាបថា ក្នុងគោលបំណងធានាបាននូវការរក្សាសុខសុវត្ថិភាព សុខុមាលភាព សណ្តាប់ធ្នាប់សាធាណៈ ការពារការរំខានដោយសំលេងនៅក្នុងមូលដ្ឋានក្រុង រដ្ឋបាលខេត្ត សូមហាមឃាត់រាល់ការបើកឧបករណ៍បំពងសម្លេង សម្រាប់អាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ក្នុងក្រុងស្ទឹងត្រែង ចាប់ពីម៉ោង ១៨៖០០នាទីល្ងាច រហូតដល់ម៉ោង ៦៖០០នាទីព្រឹក ដើម្បីជៀសវាង ការរំខានដល់ការសម្រាក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែង។

ក្នុងករណីម្ចាស់ទីតាំងចិញ្ចឹមសត្វត្រចៀកកាំជាលក្ខណៈគ្រួសាររូបណា នៅតែបន្តល្មើសនឹង ស្មារតីនៃសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តស្ទឹងត្រែងនឹងចាត់វិធានការច្បាប់ និងវិធានការរដ្ឋបាល បិទទីតាំងចិញ្ចឹមសត្វត្រចៀកកាំជាស្ថាពរ។

ទន្ទឹមនឹងនេះ ក្រុមការងាររបស់រដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តតាមដានត្រួតពិនិត្យជាប្រចាំរាល់ទីតាំងចិញ្ចឹមសត្វត្រចៀកកាំទាំងអស់ក្នុងមូលដ្ឋានក្រុងស្ទឹងត្រែង។

រដ្ឋបាលខេត្តស្ទឹងត្រែង សង្ឃឹម និងជឿជាក់ថា ម្ចាស់ទីតាំងចិញ្ចឹមសត្វត្រចៀកកាំទាំងអស់ក្នុង ក្រុងស្ទឹងត្រែង នឹងអនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹងនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖តារា


ចែករំលែក៖