ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវចាប់បានជនសង្ស័យ៤នាក់ដែលសមគំនិតគ្នាលួចទ្រព្យសម្បត្តិក្នុងវត្តប្រគល់ជូនតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្រុមជន «ទមិឡ» គ្មានសាសនាចំនួន៤នាក់ ដែលសមគំនិត្យគ្នាចូលលួចទ្រព្យសម្បត្តិ នៅតាមទីវត្តអារាម ក្នុងក្រុងបាត់ដំបង ហើយត្រូវកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវតាមចាប់ខ្លួនបាន ក្រោយប្រព្រឹត្តបទល្មើស នៅព្រឹកថ្ងៃទី២៨ កុម្ភៈនេះ មន្ត្រីការិយាល័យជំនាញបានបញ្ចូនពួកគេទៅប្រគល់ជូនតុលាការ ចាត់ការតាមនីតិវិធីហើយ។ នេះបើតាមមន្ត្រីជំនាញបានប្រាប់ឲ្យដឹង ។

ក្រុមជន«ទមិឡ»អត់សាសនាទាំង០៤នាក់ ដែលដើរលួចទ្រព្យសម្បត្តិរបស់ព្រះសង្ឃនៅតាមវត្ត ហើយត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ស្រាវជ្រាវតាមចាប់ខ្លួនបាននោះ មានអ្នកចូលរួមសមគំនិត និងអ្នកទិញផលចោរកម្ម រីឯជនដៃដល់ពិតប្រាកដ ត្រូវកម្លាំងជំនាញនៃស្នងការខេត្តចាប់បាន បញ្ជូនទៅតុលាការរួចហើយ ។

ជនសង្ស័យទាំង០៤នាក់ រួមមាន៖ ១-ឈ្មោះរ៉េត ភីរម្យុ អាយុ២៨ឆ្នាំ (អ្នករួមគំនិត) នៅឃុំព្រែកហ្លួង ស្រុកឯកភ្នំ ២-ឈ្មោះ កែវ សុខជា អាយុ៣៩ឆ្នាំ (អ្នករួមគំនិត) នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ៣-ឈ្មោះ សុខ សុភ័ក្រ អាយុ៣៦ឆ្នាំ នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង(អ្នកទទួលទិញផលចោរកម្ម)និង ៤-ឈ្មោះសាម សំរិទ្ធ អាយុ៣៧ឆ្នាំ(អ្នកដឹកសម្ភារៈដែល លួចបានដើរលក់) រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ជនទាំង០៤នាក់នេះ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្រាវជ្រាវឃាត់ខ្លនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី ២៥ កុម្ភៈ ២០២៦ពោលគឺចាប់បាន១ថ្ងៃ ក្រោយកើតហេតុ ។ ប៉ុន្តែបើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនទាំង០៤នាក់នេះ ជាអ្នកទទូលទិញ«ផលចោរកម្ម» និង«អ្នកសម គំនិត» រីឯជនដៃដល់(អ្នកប្រព្រឹត្តផ្ទាល់)មានតែម្នាក់ទេ ហើយជននោះ ត្រូវកម្លាំងការិយាល័យជំនាញ នៃស្នងការខេត្តតាមចាប់ខ្លួនបានជាមួយនឹងជនសម គំនិត០២នាក់ទៀត ។

ជនដៃដល់និងជនសមគំនិតដែលខាងកម្លាំងស្នងការខេត្ត ចាប់ខ្លួនបានរួមមាន៖ ១-ឈ្មោះ ធឿន ម៉េងហុង ហៅម៉េង អាយុ២៥ឆ្នាំ ជនដៃដល់ផ្ទាល់ គ្មានមុខរបរ និងកន្លែងស្នាក់នៅពិតប្រាកដទេ ប៉ុន្តែជនដៃដល់ម្នាក់នេះធ្លាប់បួសរៀននៅក្នុងវត្តសង្កែ ២-មិនទាន់ស្គាល់ឈ្មោះ….(ជនសមគំនិត) និង៣-មិនទាន់ស្កាល់ឈ្មោះ…(ជនសមគំនិត) ។

បើតាមលោក ឈឿង គឹមសុង ស្នងការរងទទូលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា បើតាមចម្លើយសារភាព គឺពួកគេមានគ្នីគ្នាសរុបចំនួន០៨នាក់ ។ ប៉ុន្តែជនដែលប្រព្រឹត្តផ្ទាល់មានតែម្នាក់ទេ គឺ ឈ្មោះម៉េងហុង ក្រៅពីនោះ ជាអ្នកទទូលផលចោរកម្ម និងអ្នកចូលរួមសមគំនិតប្រព្រឹត្តអំពើ«ចោរកម្ម» រាប់ទាំងជនសង្ស័យចំនួន៤នាក់ ដែល កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានផង ដូច្នេះ នៅម្នាក់ទៀតកំពុងគេចខ្លួន ។

យោងតាមរបាយការណ៍ការិយាល័យជំនាញកងរាជ អាវុធហត្ថបានឲ្យដឹងដែរថា ជាមួយនឹងការឃាត់ខ្លួនក្រុម «ទមិឡ» អត់សាសនា មន្ត្រីជំនាញដកហូតវត្ថុតាងចំនួន ដែលជនសង្ស័យបានលួចយកចេញពីសាលា ឆាន់ក្នុង«វត្តដំរីស» និង«វត្តសង្កែ» ហើយបានប្រគល់ជួនព្រះសង្ឃវិញហើយ។ សូមបញ្ជាក់ថា អំពើរ«ចោរកម្ម»នៅក្នុងវត្តទាំង០២ខាងលើនេះ បានកើតឡើងស្ទើរព្រមៗគ្នា នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៤ កុម្ភៈ ។

នៅ«វត្តដំរីស» ក្រុមប្រែតបានឡើងគាស់ដំបូលសាលា ឆាន់ ចុះមកក្រោមរួចគាស់ហិបដាក់បច្ច័យចំនួន៧ហិប ប្រមូលយកបច្ច័យអស់ប្រហែល២០ម៉ឺនរៀល ។ ដោយ ឡែក នៅ«វត្តសង្កែ»វិញ បើតាមសេចក្ដីរាយការណ៍បាត់បង់ច្រើនគួរសម ។ ជនអន្យតិរ្ដីយបានចូលក្នុងសាលាឆាន់លួចយកឧបករណ៏បំពងសម្លេង (ធុងបាស់ ម៉ៃក្រូហ្វូន អាំភ្លី) និងអង្ករចំនួន០៦ការ៉ុង ។

ប៉ុន្តែយ៉ាងណា ក្រុមអត់សាសនាដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ដោយសារតែរួមគំនិតលួចទ្រព្យសម្បត្តិក្នុងវត្តអារាមខាងលើនេះ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីនគរបាលនៃស្នងការខេត្ត បញ្ជូនទៅប្រគល់ជូនតុលាការអស់ហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕


ចែករំលែក៖