ខេត្តស្ទឹងត្រែង៖ អគារមណ្ឌលសុខភាពស្តៅ ដែលជាសមិទ្ធផលថ្មីស្រឡាងថ្មីមួយបន្ថែមទៀត ស្ថិតនៅក្នុងភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបាន លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីបង្ខិតសេវាថែទាំសុខភាពឱ្យកាន់តែជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ពិធីដ៏មានអត្ថន័យនេះត្រូវបានប្រារព្ធឡើងនាថ្ងៃ១ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរចំពោះអគារថ្មីដែលមានចំនួន ១ខ្នង បែងចែកជា ៩បន្ទប់ បំពាក់ដោយបរិក្ខារពេទ្យចាំបាច់សម្រាប់បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាច់ស្រយាលមួយនេះ។
ថ្លែងក្នុងឱកាសនោះ លោក សរ សុពុត្រា បានសង្កត់ធ្ងន់យ៉ាងច្បាស់ពីសារៈសំខាន់មិនអាចខ្វះបាននៃវិស័យសុខាភិបាល ដែលជាសរសរស្ដម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ច និងសង្គម និងបានបញ្ជាក់ថា ការសម្រេចបាននូវអគារមណ្ឌលសុខភាពថ្មីនេះ គឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បង។
ក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងនោះការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការឈានទៅរកការគ្របដណ្ដប់សុខភាពជាសកល គឺជាគោលដៅយុទ្ធសាស្ត្រ ដើម្បីធានាថាប្រជាជនគ្រប់រូបទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព យុត្តិធម៌ និងប្រសិទ្ធភាព។
លោកអភិបាលខេត្ត បានបន្តទៀតថា ការពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលមកដល់ទីជនបទបែបនេះ គឺមានគោលបំណងសំខាន់បំផុតក្នុងការ បង្ខិតសេវាសាធារណៈឱ្យកៀកនឹងខ្នងផ្ទះប្រជាពលរដ្ឋ។ កាលពីមុនប្រជាពលរដ្ឋក្នុងឃុំស្តៅ ប្រហែលជាត្រូវចំណាយពេលវេលាយូរ និងធ្វើដំណើរឆ្ងាយដើម្បីទៅរកសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យខេត្ត ប៉ុន្តែចាប់ពីពេលនេះតទៅ មណ្ឌលសុខភាពថ្មីនេះនឹងក្លាយជាកន្លែងផ្ដល់សេវាពិនិត្យ ព្យាបាល និងផ្តល់ប្រឹក្សាសុខភាពទូទៅ ទាំងសេវាសម្ភព ការចាក់ថ្នាំបង្ការដល់កុមារ និងការសង្គ្រោះបឋម បានយ៉ាងទាន់ពេលវេលា ដែលជួយកាត់បន្ថយទាំងការចំណាយ និងហានិភ័យផ្សេងៗក្នុងពេលធ្វើដំណើរ។ ការណ៍នេះមិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សបានទាន់ការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងគ្រួសារនីមួយៗតាមរយៈសុខភាពល្អមាំមួនផងដែរ។
លោក សរ សុពុត្រា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តផ្ដល់នូវជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ និងបានជំរុញឱ្យបងប្អូនទាំងអស់គ្នា រក្សានូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ រួមគ្នាថែរក្សាសមិទ្ធផលមណ្ឌលសុខភាពនេះឱ្យបានគង់វង្ស ដើម្បីទុកជាប្រយោជន៍ប្រើប្រាស់យូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងការអភិវឌ្ឍដែលមិនឈប់ឈរនេះ។
លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានការយោគយល់ និងសហការជិតស្និទ្ធជាមួយគ្រូពេទ្យជំនាញ ដើម្បីរួមគ្នាស្ថាបនាវិស័យសុខាភិបាលនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន និងរឹងមាំថែមទៀត សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមម្លប់នៃសន្តិភាព៕

ដោយ៖សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច