ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរចម្រុះបើកកិច្ចប្រជុំ និងចុះពិនិត្យទីតាំងសំណើសុំប្រើប្រាស់ដីនៅក្នុងភូមិសាស្ត្រស្រុករមាសហែក ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋសំខាន់ៗ 

ចែករំលែក៖

ខេត្តស្វាយរៀង: អាជ្ញាធរចម្រុះនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះបានបើកកិច្ចប្រជុំ និងចុះពិនិត្យទីតាំងសំណើសុំប្រើប្រាស់ដីនៅក្នុងភូមិសាស្ត្រស្រុករមាសហែកខេត្តស្វាយរៀង ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋសំខាន់ៗ ប្រើប្រាស់ក្នុងវិស័យយុទ្ធសាស្ត្រចំនួន ៤ ធំៗ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំព្រៃបាសាក់ (អគារ ខ) សាលាខេត្តស្វាយរៀង ។

កិច្ចប្រជុំពិភាក្សាខាងលើនេះដើម្បីពិនិត្យលើករណីសំណើសុំដីស្ថិតក្នុងភូមិសាស្ត្រស្រុករមាសហែក គឺសម្រាប់សាងសង់ ទីតាំងបម្រើឱ្យវិស័យ អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យសង្គមកិច្ច និងវិស័យការពារជាតិ ក្រោមអធិបតីភាពលោក ហម សារាវុធ អគ្គនាយករងរដ្ឋបាលព្រៃឈើ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ម៉ែន អេង អភិបាលរង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។

កិច្ចប្រជុំបានផ្តោតការពិភាក្សាយ៉ាងលម្អិតលើការស្នើសុំកាត់ឆ្វៀល ឬប្រើប្រាស់ផ្ទៃដីសរុបចំនួន ២៤២ ហិកតា ដែលស្ថិតក្នុងស្រុករមាសហែក ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ និងការអភិវឌ្ឍតាមវិស័យយុទ្ធសាស្ត្ររបស់រដ្ឋ រួមមាន៖

១. វិស័យអប់រំ៖ ការសាងសង់គ្រឹះស្ថានសិក្សា។

២. បណ្តុះបណ្តាលវិជ្ជាជីវៈ៖ ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជន។

៣. វិស័យសង្គមកិច្ច៖ ការរៀបចំសាងសង់មណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

៤. វិស័យការពារជាតិ៖ ការសាងសង់មណ្ឌលហ្វឹកហ្វឺន និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធការពារជាតិក្នុងតំបន់។

នៅក្នុងជំនួបពិភាក្សានេះ តំណាងរដ្ឋបាលខេត្ត និងតំណាងក្រសួងកសិកម្ម បានធ្វើការផ្លាស់ប្តូរមតិយោបល់លើទិដ្ឋភាពច្បាប់ ស្ថានភាពដីជាក់ស្តែង និងផលប៉ះពាល់ផ្សេងៗ ដើម្បីធានាថាការប្រើប្រាស់ដីនេះស្របតាមនីតិវិធីជាធរមាន និងបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋបានពិតប្រាកដ។ ក្រុមការងារបានបន្តចុះពិនិត្យទីតាំងជាក់ស្តែង និងរៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំ ដើម្បីសុំការសម្រេចជាបន្តទៀត។

ក្រោយកិច្ចប្រជុំ និងការចុះពិនិត្យនេះ បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានលទ្ធផលជាវិជ្ជមាន ដែលជាជំហានដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍខេត្តស្វាយរៀងឱ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា: ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារបច្ចេកទេសពីក្រសួងកសិកម្មផងដែរ៕

ដោយ៖សុថាន


ចែករំលែក៖