ភ្នំពេញៈ នៅរសៀលថ្ងៃទី ១៣ ខែ តុលា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping)ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព ។
ក្នុងជំនូបនេះលោកប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) ធ្លាប់បានអញ្ជើញមកកាន់ប្រទេសកម្ពុជាយើងកាលពី៧ឆ្នាំមុន ហើយដំណើរទស្សនៈកិច្ចនាពេលនេះបានមើលឃើញថា ប្រទេសកម្ពុជាមានការីកចំរើនច្រើនទាំងវិស័យសេដ្ឋកិច្ច ស្ថេរភាពសង្គម ជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចំរើន ។ ពាក់ព័ន្ធនឹងកិត្តិស័ព្ទរបស់ប្រទេសកម្ពុជាត្រូវបានល្បីល្បាញលើឆាកអន្តរជាតិ។ ក្នុងន័យនេះលោកប្រធានាធិបតីបានសូមស្វាគមន៏ និងសូមគាំទ្រប្រទេសកម្ពុជាផងដែរ។ គោលដៅរបស់លោកនាពេលនេះគឺដើម្បីពង្រឹងនិងពព្រីកទំនាក់ទំនងជាប្រពៃណីរវាងប្រទេសចិន និងកម្ពុជា ជាពិសេសដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងក្នុងនាមជាមិត្តភ័ក្ត្រយល់ចិត្តយល់ថ្លើមគ្នា។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៏ថា ការរីកចំរើនអភិវឌ្ឍន៏របស់ប្រទេសកម្ពុជាយើងមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកពីមិត្តចិនបានទេ។ សម្តេចតេជោ បានថ្លែងអំណរគុណដល់មិត្តចិន និងរដ្ឋាភិបាលចិន ដែលបានគាំទ្រកម្ពុជាលើគ្រប់វិស័យ ដូចជាវិស័យហិរញ្ញវត្ថុ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។ ការគាំទ្ររបស់ចិនមកកាន់កម្ពុជាយើងបានប្រែក្លាយកម្ពុជា ពីប្រទេសក្រីក្រដែលមានចំណូលកំរិតទាប មកចំណូលមធ្យមកំរិតទាប។ ជាមួយគ្នានេះសម្តេចតេជោ បានស្នើសុំអោយមានការជំរុញបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ ហិរញ្ញវត្ថុ សេដ្ឋកិច្ច វិនិយោគ អភិវឌ្ឍន៏ធនធានមនុស្ស វិស័យកសិកម្ម ។ ក្នុងន័យនេះសម្តេចតេជោបានថ្លែងអំណរគុណដល់ភាគីចិនដែលបានបង្កើនកូតានាំអង្ករចូលប្រទេសចិនពី១០ម៉ឺនតោន ទៅ២០ម៉ឺនតោន សម្តេចក៏សុំស្នើអោយមានកិច្ចសហប្រតិបត្តិការលើការប្រមូលទិញការកែឆ្នៃនាំអង្ករចេញទៅប្រទេសចិនផងដែរ។ ទាក់ទងវិស័យទេសចរណ៏វិញសម្តេចតេជោជំរុញអោយភ្ញៀវទេសចរណ៍ចិនមកកម្ពុជាអោយមានកំណើនពី៧០ម៉ឺននាក់ទៅ២លាននាក់នៅឆ្នាំ២០២០។ ក្រៅពីនោះសុំអោយមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យវប្បធម៌។
ក្នុងជំនូបនេះលោកប្រធានាធិបតីចិន XI Jinping បានឆ្លើយតប និងជំរាបសម្តេចតេជោថា ធ្វើយ៉ាងណាអោយមានការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនៈកិច្ចមន្រ្តីគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតីចិន XI Jinping បានមានប្រសាសន៏ថា កម្ពុជាជាមិត្តដ៏រឹងមាំនឹងគ្នា ចិននឹងជួយកម្ពុជាបន្ថែមទៀតតាមរយៈផ្លូវមួយខ្សែក្រវ៉ាត់មួយ ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជា និង ជម្រុញឲ្យទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានការកើនឡើង ៥០០០លានដុល្លារនៅឆ្នាំ ២០១៧ ។ លោកប្រធានាធិបតីចិន XI Jinping បានបន្តថាចិននិងជួយកម្ពុជាកសាងផ្លូវជាតិលេខ ៥១ និង ប្រព័ន្ធធារាសាស្រ្តវ៉ៃកូជំហានទី២ និង លើកទឹកចិត្តឲ្យក្រុមហ៊ុនចិនដែលមានសមត្ថភាពមកវិនិយោគផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា,ការកសាងវាលយន្តហោះនៅខេត្តសៀមរាប,និង វិនិយោគលើវិស័យជ្សេងៗទៀតដែលជាសក្តានុពលរបស់កម្ពុជា ។ ចិនគាំទ្រចំពោះគម្រោងដែលកម្ពុជាបានលើកឡើងសម្រាប់ឆ្នាំ ២០១៥ ដល់ ២០១៩ ។ ជាមួយគ្នា នេះលោកប្រធានាធិបតី បានសម្រេចលុបចោលបំណុលដែលកម្ពុជាជំពាក់ចិននៅឆ្នាំ ២០១៥ ចំនួន ៦០០ លានយ័ន និងបន្ថែមជំនួយឥតសំណងសម្រាប់វិស័យយោធាចំនួន ១០០ លានយ័ន បង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៥០០ កន្លែង និង ១០០កន្លែងសម្រាប់យុវជនក្នុងមួយឆ្នាំ។ បង្កើនការហោះហើរត្រង់ពីទីក្រុងនានារបស់ចិនមកកាន់កម្ពុជាដើម្បីបង្កើនចំនួនទេសចរណ៍ចិនមកកម្ពុជាពី ៧០ ម៉ឺននាក់ទៅ២លាននាក់នៅឆ្នាំ២០២០។រដ្ឋាភិបាលចិននិងជួយជួសជុលប្រាសាទព្រះវិហាររបស់កម្ពុជា ។
ជាលើកចុងក្រោយលោកប្រធានាធិបតីចិនក៏បានមានប្រសាសន៍ថាលោកបានទទួលអង្ករកម្ពុជា ហើយអង្ករកម្ពុជាពិតជាមានរស់ជាតិឆ្ងាញ់ណាស់ លោកលើកទឹកចិត្តឲ្យក្រុមហ៊ុនចិនវិនិយោគកែច្នៃអង្ករនៅកម្ពុជាបានល្អដើម្បីនាំចេញទៅកាន់ប្រទេសចិន ។ បន្ទាប់ពីកិច្ចជំនួបនេះ សម្តេចតេជោ និងលោកប្រធានាធិបតីចិន XI Jinping បានធ្វើជាសហធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសាចំនួន៣១ ផងដែរ ៕