ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ កំណត់ឱ្យក្រុមហ៊ុនកង់បី តាក់ស៊ីតាមអេបAppsចំនួន៥ចំណុច ដើម្បីប្រកបអាជីវកម្ម ជៀសវាងកើតមានជម្លោះបន្ដទៀត 

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានកំណត់ឱ្យក្រុមហ៊ុន កង់បី តាក់ស៊ីតាមអេបApps ចំនួន៥ចំណុច ដើម្បីប្រកបអាជីវកម្ម ជៀសវាងកើតមានជម្លោះរវាងអ្នកប្រកបអាជីវកម្ម(អ្នករត់កងបី,តាក់ស៊ី) និងក្រុមហ៊ុនបន្ដទៀត ។ តាមការបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៣ មីនា ២០២៦ ពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូម ជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីរសៀលថ្ងៃចន្ទ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នៅ សាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ សម្របសម្រួល តាមការស្នើសុំរបស់ម្ចាស់សំណើ ដែលជាតំណាងអ្នកបើកបរម៉ូតូកង់បី និងតាក់ស៊ីតាមប្រព័ន្ធ បច្ចេកវិទ្យា (App) ដើម្បីទាមទារឱ្យក្រុមហ៊ុនអ៊ែប (Apps) ទាំងអស់រួមមាន៖ ក្រុមហ៊ុនហ្គេប (Grab) ផាស់អ៊ែប (PassApp) ថាដា (Tada) រ៉ាវណាវ (WowNow) ម៉ាកស៊ីម (Maxim) និងក្រុមហ៊ុនម៉ូរ (Move) ដើម្បីទាមទារ នូវលក្ខខណ្ឌ ចំនួន ០៥ ដូចខាងក្រោម៖ ទី១.ស្នើសុំដំឡើងថ្លៃសម្រាប់កង់បី ចាប់ពី ១.២០០រៀល ក្នុងមួយគីឡូម៉ែត្រ ។ ទី ២. ស្នើសុំបញ្ចុះការកាត់កម្រៃជើងសារមកត្រឹម ១២% ។ទី ៣. ស្នើសុំឱ្យក្រុមហ៊ុនអ៊ែប ទាំងអស់កាត់កម្រៃជើងសារ និងកំណត់តម្លៃស្មើៗគ្នា។ ទី ៤. ក្នុងករណីមានភ្ញៀវប្តឹង ស្នើសុំក្រុមហ៊ុនទាក់ទងសួរនាំអ្នកបើកបរជាមុនសិន មុនពេលផ្អាក ឬបិទ គណនីរបស់អ្នកបើកបរ និង ទី ៥. ស្នើសុំឱ្យក្រុមហ៊ុនផ្តល់ព័ត៌មានជាក់លាក់អំពីភ្ញៀវ រួមមាន៖ ឈ្មោះពិត លេខទូរស័ព្ទពិត និងរូបថតពិត ដើម្បីងាយស្រួលក្នុងការផ្ទៀងផ្ទាត់។

ក្រោមកិច្ចសម្របសម្រួលប្រកបដោយសុឆន្ទៈ និងស្មារតីយោគយល់ រវាងខ្មែរ និងខ្មែរ និងដើម្បីលើកកម្ពស់ សាមគ្គី ភាពជាតិជាធ្លុងតែមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានខិតខំ បន្សំការស្នើសុំ និងលទ្ធភាពដែលក្រុមហ៊ុន អ៊ែប ទាំងអស់អាចផ្តល់ជូន ព្រមទាំងឈានដល់ការឯកភាពគ្នារវាង ភាគីម្ចាស់សំណើ និងក្រុមហ៊ុនទាំងអស់ដូចតទៅ៖ ,១. តំណាងក្រុមហ៊ុន Tada ក្រុមហ៊ុន Move និងក្រុមហ៊ុន Maxim យល់ព្រមយកកម្រៃជើងសារ ចំនួន ១២% និងថ្លៃដឹកជញ្ជូនគោលចំនួន១.២០០រៀល ក្នុង១គីឡូ ម៉ែត្រ។ ២. តំណាងអ្នកបើកបរកង់បី និងតាក់ស៊ី បានឯកភាពដូចខាងក្រោម ។ អនុវត្តតាមគោលការណ៍ដែលក្រុមហ៊ុនអ៊ែប បានកំណត់ក្នុងចំណុចទី១ ខាងលើ។ ធ្វើការផ្សព្វផ្សាយដល់សមាជិកក្រុមអ្នកបើកបរកង់បី និងតាក់ស៊ីទាំងអស់ឱ្យបានយល់ពីស្មារតីនៃ កិច្ចប្រជុំនេះ និងគោលការណ៍ ដែលក្រុមហ៊ុនអ៊ែបបានកំណត់ ៕

ដោយ៖សំរិត


ចែករំលែក៖