ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃប្រេង និងឧស្ម័នកើនឡើង ផ្សារភាគហ៊ុនសកលធ្លាក់ចុះ ខណៈជម្លោះអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ

ចែករំលែក៖

សេដ្ឋកិច្ចអន្តរជាតិ៖ តម្លៃប្រេង និងឧស្ម័នបានកើនឡើងខ្ពស់ ខណៈអ៊ីរ៉ង់បន្តវាយប្រហារនៅទូទាំងមជ្ឈិមបូព៌ា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

តម្លៃឧស្ម័នធម្មជាតិបានកើនឡើងខ្ពស់កាលពីថ្ងៃចន្ទ២មីនាសប្ដាហ៍នេះ បន្ទាប់ពីក្រុមហ៊ុន Qatar Energy ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំចេញធំជាងគេបំផុតជាច្រើនរបស់ពិភពលោក បានបញ្ឈប់ការផលិត បន្ទាប់ពី “ការវាយប្រហារដោយយោធា” លើរោងចក្ររបស់ខ្លួន។

តម្លៃប្រេងអន្តរជាតិបានកើនឡើងប្រមាណ ៧% កាលពីថ្ងៃចន្ទ ដោយគូសបញ្ជាក់ពីហានីភ័យសេដ្ឋកិច្ចកើតចេញពីជម្លោះកាន់តែរីករាលដាលក្នុងតំបន់មជ្ឈិមបូព៌ា ។ តម្លៃប្រេងឆៅ Brent របស់អាមេរិក បានឡើងដល់៨២ ដុល្លារ ឬ៦១ ផោន ក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ បន្ទាប់ពីកប៉ាល់យ៉ាងហោចណាស់បីគ្រឿងត្រូវបានវាយប្រហារនៅជិតច្រកសមុទ្រ Hormuz កាលពីចុងសប្តាហ៍មុន។

ការឡើងខ្ពស់នៃតម្លៃឧស្ម័នធម្មជាតិអឺរ៉ុប កើតឡើង ខណៈជម្លោះកាន់តែធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ាបណ្តាលឱ្យកាតាបញ្ឈប់ការផលិតឧស្ម័នធម្មជាតិរាវ(LNG) នៅរោងចក្រធំបំផុតរបស់ពិភពលោក។

តម្លៃគោលឧស្ម័ននៅអឺរ៉ុប ដែលត្រូវបានជួញដូរនៅលើមជ្ឈមណ្ឌល TTF របស់ហូឡង់ បានកើនឡើងរហូតដល់ ៤៥% ដល់ប្រហែល៤៦ អឺរ៉ូ ក្នុងមួយមេហ្គាវ៉ាត់ម៉ោង ក្នុងការជួញដូរពេលរសៀល។

ក្រុមហ៊ុន QatarEnergyបានប្រកាសកាលពីព្រឹកថ្ងៃចន្ទ ថា ខ្លួនបានបញ្ឈប់ការផលិតឧស្ម័នធម្មជាតិរាវដែលភ្ជាប់ទៅនឹងអាងស្តុកឧស្ម័នដ៏ធំ North Field បន្ទាប់ពីការវាយប្រហារលើរោងចក្ររបស់ខ្លួន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីវិសាលភាពនៃផលប៉ះពាល់លើប្រតិបត្តិការនោះទេ។

មិនត្រឹមតែប៉ុណ្ណោះទេ ភាគហ៊ុនទូទាំងពិភពលោកក៏បានធ្លាក់ចុះផងដែរ ខណៈតម្លៃមាសកើនឡើង៥វគ្គជាប់ៗគ្នានៅថ្ងៃអង្គារនេះ ស្របពេលក្រុមវិនិយោគិន ស្វែងរកការតម្កល់ទុកទ្រព្យសកម្មដ៏មានសុវត្ថិភាព៕

ដោយ៖តារា


ចែករំលែក៖