ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់៖ ចាប់តាំងពីផ្ទុះសង្រ្គាមជាមួយអាមេរិក និងអុីស្រាអែល មនុស្សស្លាប់កើនដល់ ៧៨៧នាក់

ចែករំលែក៖

ទីក្រុងតេហេរ៉ង់៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា មនុស្សកើនលើស៧៨០នាក់ហើយ ត្រូវបានសម្លាប់នៅទូទាំងសាធារណរដ្ឋអ៉ីស្លាមមួយនេះ ចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល បានចាប់ផ្តើមសង្រ្គាមផ្លូវអាកាសរបស់ពួកគេប្រឆាំងអ៉ីរ៉ង់ កាលពីចុងសប្តាហ៍មុន។ នេះបេីយោងតាមការបញ្ជាក់ពីអង្គការអឌ្ឍចន្ទក្រហម នៃប្រទេសអ៉ីរ៉ង់ នាថ្ងៃអង្គារទី៣ ខែមីនា ឆ្នាំ២០២៦។

អឌ្ឍចន្ទក្រហមអ៉ីរ៉ង់ បានប្រកាសពីតួលេខនេះ នៅលើវែបសាយរបស់ខ្លួន។ ប្រភពដដែល បានអះអាងថា គិតចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក ការវាយប្រហារតាមផ្លូវអាកាស របស់អាមេរិកនិងអ៉ីស្រាអែល បានកើតមាននៅទីក្រុងចំនួន១៥៣ និងទីតាំងច្រើនជាង៥០០កន្លែងទូទាំងប្រទេសអ៉ីរ៉ង់ ក្នុងការវាយប្រហារសរុបជាង១០០០លើក។

ទីភ្នាក់ងារ AFP បាននិយាយបន្ថែមថា នៅថ្ងៃអង្គារនេះ ស្នូរផ្ទុះលាន់លឺយ៉ាងខ្លាំង បានកើតឡើងនៅទីក្រុងតេហេរ៉ង់ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានរាយការណ៍ពីហេតុការណ៍ផ្ទុះ នៅតំបន់ Karaj ភាគខាងលិចរដ្ឋធានី និងនៅទីក្រុង Isfahan ភាគកណ្តាល។

ឆ្លើយតបការវាយប្រហារមកលើប្រទេសរបស់ខ្លួន អ៉ីរ៉ង់បាននិងកំពុងវាយបកសងសឹកវិញ ដោយបាញ់មីស៉ីលនិងដ្រូនលើអ៉ីស្រាអែល ព្រមទាំងបណ្តាប្រទេសអារ៉ាប់ ដែលមានមូលដ្ឋានទ័ពអាមេរិក៕

ដោយ៖តារា


ចែករំលែក៖