ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បញ្ហាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក៏ជាបញ្ហាដែលយើងត្រូវសម្អាតផ្ទះយើងដែរ ពោលគឺការងារបង្រ្កាប ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះមិនមែនជារឿងថ្មីរបស់រាជរដ្ឋាភិបាលទេ ខណៈការងារនេះរាជរដ្ឋាភិបាលបានខិតខំធ្វើតាំងតែពីអាណត្តិមុនមកម្ល៉េះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបង្កើតគណៈកម្មាការចំពោះកិច្ចដឹកនាំប្រយុទ្ធប្រឆាំងនឹង (Online Scams) គឺបង្ហាញពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលទទួលស្គាល់ថា បញ្ហា (Online Scams) ជាបញ្ហាដែលត្រូវរួមកម្លាំងគ្នាជួយទៅដល់ក្រសួងស្ថាប័នជាពិសេសជួយគ្នាធ្វើ។ ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) គឺជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត មិនមែនធ្វើតែមួយថ្ងៃឬពីរថ្ងៃនោះទេ ខណៈការបង្រ្កាបនេះគឺធ្វើយ៉ាងណាដើម្បីមុខមាត់កម្ពុជាមិនអាចឱ្យបញ្ហា នេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជានោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបង្ក្រាប និងបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)នេះបន្តទៀត ដើម្បីរួមគ្នាសម្អាតផ្ទះយើង ខណៈការអនុវត្តកន្លងមកនេះទទួលបានលទ្ធផល្អប្រសើរ និងមានការសហការល្អពីគ្រប់ផ្នែករួមទាំងប្រជាពលរដ្ឋផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច