ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប ជួបប្រកួតជាមួយ កីឡាករ ថៃ២រូប ក្នុងជម្រុះលើកទី៣ គឺកីឡាករផល សោភ័ណ្ឌ មកពីក្លិបតាឡីដំរីមានរិទ្ធ ជួបជាមួយកីឡាករ ឈ្មោះ DernchhunlekRungrean និងឈឿន ឆៃដែន ក្លិបនិរោធមានជ័យ ប៉ះជាមួយកីឡាករ ឈ្មោះ Fashootshai ក្នុងប្រកួតជម្រុះឈានទៅដណ្តើមខ្សែក្រវាត់គូបូតា នៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦ លើសង្វៀនទូរទស្សន៍បាយ័នបឹងស្នោ វគ្គជម្រុះលើកទី៣ក្នុងទម្ងន់៦៣,៥គីឡូក្រាម ។
ជំនួបរវាងផល សោភ័ណ្ឌ និង Dernchhunlek មិនធ្លាប់បានជួបគ្នាទេ ២ប្រកួតកន្លងទៅ ។ ផល សោភ័ណ្ឌ មានសមត្ថភាពខ្ពស់ ខ្លាំងជាងគេ ក្នុងចំណោមអ្នកប្រដាល់កម្ពុជា៤នាក់ ដែលចូលរួមប្រកួត ដណ្ដើមខ្សែក្រវាត់ខាងលើនេះ បច្ចុប្បន្ន សោភ័ណ្ឌ ជាអ្នកប្រដាល់ជើងខ្លាំងប្រចាំក្លិប តាឡីដំរីមានប្ញទិ្ធ ក្នុងចំណោមកីឡាករជាច្រើននៅក្នុងក្លិបនេះ ។ កីឡាករ Dernchhunlek របស់ថៃរូបនេះ ប្រកួតលើកទី១ វាយចាញ់មិត្តរួមជាតិខ្លួនឯង គឺកីឡាករ Fashootshaiដោយពិន្ទុ និងលើកទី២ ចាញ់កីឡាករ ឡៅ ចន្ទ្រា មកពីក្លិបកងពលតូចឆ័ត្រយោង៩១១ក្នុងទឹកទី៤ ។ យ៉ាងណាការប្រកួតលើកទី៣នេះ Dernchhunlek ទំនងមិនអាចយកឈ្នះលើផល សោភ័ណ្ឌ បានដោយងាយនោះទេ ។ ផល សោភ័ណ្ឌ វាយ២ប្រកួតកន្លងទៅ ចាញ់ ឡៅ ចន្ទ្រា ក្នុងទឹកទី៣ និងលើកទី២ឈ្នះឈឿន ឆៃដែន ក្នុងទឹកទី២ វិញ។ សោភ័ណ្ឌ មានកម្ពស់១,៦៨ ម៉ែត្រ មានកំណត់ត្រាប្រកួតចំនួន៩៤លើក ឈ្នះ៨២លើក ចាញ់១២លើក មិនដែលស្មើ ។ ឈឿន ឆៃដែន នឹង Fashootshai អ្នកប្រដាល់ទាំង២នាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក ហើយពួកគេមានសមត្ថភាពបច្ចេកទេស ប្រហាក់ប្រហែលគ្នា ។ ជុំទី១ ឈឿន ឆៃដែន វាយឈ្នះ សុខ សុវណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ដោយពិន្ទុនិង លើកទី២ចាញ់ផល សោភ័ណ្ឌ ក្នុងទឹកទី២ ចំណែកឯ Fashootshai លើកទី១ វាយឈ្នះ Dernchhunlek លើកទី២ឈ្នះសុខ សុវណ្ណ ដោយពិន្ទុ ។ ឈឿន ឆៃដែន មានកម្ពស់តែ១,៦៩ម៉ែត្រ និងធ្លាប់ប្រកួតចំនួន៧៦លើក ឈ្នះ៦៤លើក ចាញ់១១លើក ស្មើ០១លើក ៕ សារីម