ខេត្តតាកែវ៖ ក្រោមការដឹកនាំ ដ៏អសមត្ថភាពរបស់លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ ស្ទើរតែគ្រប់វត្តទៅហើយ ផ្ទុះរឿងអាស្រូជាបន្តបន្ទាប់ ។ ជាក់ស្តែងកាលពីថ្ងៃទី១៣ ខែតុលា ប្រជាពលរដ្ឋប្រមាណជាង៣០០គ្រូសារបាននាំគ្នាធ្វើកូដកម្មបណ្តេញព្រះចៅអធិការវត្តឃ្លាំងមឿង ចេញពីវត្តដោយយោងលើហេតុផលជាច្រើន ។
តាមសម្តីប្រជាពលរដ្ឋបានឲ្យដឹងថា ព្រះចៅអធិកាព្រះនាមពេជ្យ ច័ន្ទរស្មី មានព្រះជន្ម២៥វស្សា បានមកធ្វើជាព្រះចៅអធិការវត្ត៣វស្សា ហើយដោយគ្មានការតែងតាំង គ្រាន់តែឃុបឃឹតជាមួយលោកជួង វ៉ាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវជាការស្រេច ។
ពលរដ្ឋបន្តទៀតថា មុនពេលឈានទៅដល់ការដែលនាំឲ្យពួកគាត់នាំគ្នាតវ៉ាបណ្តេញចេញព្រះចៅអធិការអង្គនេះចេញ គឺមានរឿងជាច្រើន ដែលមិនអាចលើកលែងបានដូចជាៈ មានការបាត់បង់របស់ជាច្រើនដែលជាទ្យព្រសម្បត្តិរបស់វត្ត ហើយមួយរយៈពេលចុងក្រោយនេះ មានការបាត់បង់ម៉ាស៊ីនភ្លើងមានការអនុញ្ញាតឲ្យមានការចែកចាយគ្រឿងញៀនក្នុងវត្ត,នាំឪពុកម្តាយបងប្អូនមករសនៅក្នុងវត្ត,មានការប្រើអំពើហិង្សាលើនេនៗ បង្ខំអោយនេនៗ ដើរបិណ្ឌបាត ។ ជុំវិញករណីទាំងនេះ ព្រះចៅអធិការវត្តខាងលើមិនបានចេញមុខបកស្រាយអ្វីទាំងអស់។
លោកង៉ាន់ សារី ឲ្យដឹងថា ពិតជាមានករណីដែលប្រជាពលរដ្ឋតវ៉ាបណ្តេញព្រះចៅអធិការខាងលើចេញពីវត្តមែន ហើយកម្លាំងរបស់លោកបានដាក់ការពារក្រែងមានអំពើហិង្សាណាមួយកើតឡើងតែដោយមានការសម្របសម្រួលពីសំណាក់អាជ្ញាធរស្រុក ទើបប្រជាពលរដ្ឋនាំគ្នាប្រឡប់ទៅផ្ទះវិញ ដោយរង់ចាំចំណាត់ការពីមន្ទីរធម្មការ និងសាសនាខេត្តតាកែវដោះស្រាយ ៕ ជីសូរកា