ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈរំពឹងទុកថា រដ្ឋាភិបាលអារ៉ប៊ីសាអូឌីត នឹងពិនិត្យលើលក្ខណ្ឌប្រាក់ឈ្នួល ដល់ពលករកម្ពុជា ឲ្យបានខ្ពស់គួរទទួលយកបាន សាកសម និងកម្លាំងពលកម្ម ខណៈដែលម្ពុជា បច្ចុប្បន្នក៏បានតម្លើងប្រាក់ខែ គោលជូនពលករ និងកម្មករ ដល់ទៅ១៤០ដុល្លារ ហើយនៅឆ្នាំ២០១៧ នឹងឡើងដល់១៥៣ដុល្លារ ដោយនេះមិនទាន់រាប់បញ្ចូលជាមួយនឹងប្រាក់បន្ថែមម៉ោង ប្រាក់លើកទឹកចិត្ត និងប្រាក់បំណាច់ឆ្នាំនៅឡើយ ។ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ បានបញ្ជាក់បែបនេះ ខណៈលោកទទួលជួបពិភាក្សាការងារ ជាមួយលោក Ziyad Ibraheem អនុរដ្ឋមន្រ្តីក្រសួងការងារ និងកិច្ចការសង្គមអារ៉ាប៊ីសាអូឌីត នៅទីស្តីការក្រសួងការងារ ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៦ ។
នៅក្នុងជំនួបនេះ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្នុងនាមតំណាងឲ្យរដ្ឋមន្ដ្រី ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកក៏បានស្នើសុំឲ្យ ភាគីអារ៉ាប់ជួយសម្រួល និងលើកលែងនៅលក្ខណ្ឌមួយទៀត ដែលតម្រូវឲ្យពលករកម្ពុជា ត្រូវមានលិខិតថ្កោលទោសនោះ ដែលលោកគិតថាវាក៏ជាបញ្ហា ដែលបង្កឲ្យមានការយឺតយ៉ាវ នៅក្នុងការងារបញ្ជូនពលករ ហើយបង្កផលវិបាក ដល់ពលករជាចម្បង ។ លោកបន្ដថា៖ការជួបពិភាគ្សាគ្នា រវាង ថ្នាក់ដឹកនំា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយក្រុមអ្នកជំនាញបច្ចេកទេស អារ៉ាប៊ីសាអូឌីតនៅពេលនេះ គឺពិតជាមានលក្ខណៈល្អណាស់ដោយផ្ដោតទៅលើលក្ខណ្ឌមួយចំនួនតូចដែលនៅសេសសល់ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រាងអនុស្សារណៈ នៃការយោគយល់ រវាងប្រទេសទាំងពីរស្តីពីការបញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីដើមឆ្នាំ២០១៦ នោះរួចមក ។
លោក Ziyad Ibraheem អនុរដ្ឋមន្រ្តីក្រសួងការងារអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា៖ បញ្ហាដែលភាគីកម្ពុជាលើកឡើង នឹងត្រូវលើកទៅពិភាគ្សាជាបន្ទាន់ជាមួយក្រសួងពាក់ព័ន្ឋទាំងអស់ ក៏ដូចជានាយោជក ដើម្បីស្វែងរកចំនុចយល់ស្រមមួយដែលសាកសម ជាពិសេសការយល់ស្របដែលធ្វើឲ្យ ភាគីទាំងពីរអាចទទួលយកបាន និងបានទទួលគុណប្រយោជន៍ទាំងសងខាង ហើយនៅលើកិច្ចការនេះលោកនឹងជំរុញធ្វើយ៉ាងណាអោយមានកម្រិតប្រាក់ឈ្នួលដែលសាកសមបំផុត ។
លោក Ziyad Ibraheem បានបញ្ជាក់ថា៖ ដើម្បីសម្រួលដល់កិច្ចការនានាក្នុងការបំពេញបែបបទពលករ ជាពិសេសការគ្រប់គ្រងចំនួនជាក់ស្តែងជាផ្លូវការ ការធានាសុវត្ថិភាព សិទ្ឋិរបស់ពលករ ពេលនេះក្រសួង របស់លោកកំពុងតែរៀបចំឲ្យ អនុវត្តទៅលើប្រព័ន្ឋមួយដែលហៅថា Musaned វាជាប្រព័ន្ឋចុះឈ្មោះ ដែលគ្រប់គ្រងទៅលើទិន្នន័យជាក់ស្តែង ដែលតម្រូងឲ្យចុះឈ្មោះបញ្ជូនរាល់ទិន្នន័យរបស់ពលករ នៅលើប្រព័ន្ខនេះតែមួយ មុននឹងជ្រើសរើសបញ្ជូនឈ្មោះចុះធ្វើទិដ្ឋាការការងារ ហើយក្រសួងលោកនឹងដាក់ឲ្យ ដំណើរការសម្រាប់កម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០១៦នេះ ខណៈដែលពលករផ្សេង នៃបណ្តាប្រទេសនានាដែលបាននិងកំពុងបម្រើការងារនៅអារ៉ាប៊ីសាអូឌីត គឹសុទ្ឋតែត្រូវបានអនុវត្ត និងឆ្លងកាត់ប្រព័ន្ឋតែមួយនេះ ហើយជាបទពិសោធន៍ ជាក់ស្តែងវាបានបង្កភាពងាយស្រួលជាច្រើនសម្រាប់ភាគីទាំង២ ។
ក្នុងឱកាសនោះដែរ ភាគីអារ៉ាប៊ីសាអូឌីត សូមស្នើឲ្យ ក្រសួងការងារកម្ពុជា បង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីឱកាសការងារ នៅប្រទេសអារ៉ាប៊ីសាអូឌីត ទៅកាន់ប្រជាពលរដ្ឋកម្ពុជា ទូទៅ ជាពិសេសការសម្រួលរាល់លក្ខណ្ឌផ្សេងៗ ដែលធ្វើឲ្យមានលក្ខណៈ ល្អប្រសើរដល់ពលករ ទាំងពលកររោងចក្រ និង អ្នកធ្វើការតាមផ្ទះ ។ លោកបន្ដថា៖ ជាជំហានដំបូង រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត រំពឹងថានិងទទួលបានពលករពីកម្ពុជា ចាប់ពី១ម៉ឺនទៅ២ម៉ឺននាក់ ក្នុងមួយឆ្នំាៗទៅបម្រើការងារនៅអារ៉ាប៊ីសាអូឌីត។
ក្នុងឱកាសនោះដែរ លោក អូស្មាន ហាស្សាន់ ក៏បានអញ្ជើញប្រតិភូ អារ៉ាប៊ីសាអូឌីត ទៅពិនិត្យមើល មជ្ឈមណ្ឌលបណ្តុះបណ្តាលពលករ របស់ក្រុមហ៊ុនហ្វមីស,អាគារផ្សារពាណិជ្ជកម្ម,មណ្ឌលហ្វឹកហ្វឺនអប់រំ វិជ្ជាជីវៈចំណេះដឹងទូទៅនៅមណ្ឌម៉ូឌែន៥ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញផងដែរ ៕ សំរិត