ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន៖ អំពាវនាវដល់នារី អង្គភាពប្រឆាំងអំពើពុករលួយត្រូវបង្កើនការរួមសាមគ្គីគ្នាការពារ លើកស្ទួយស្រ្តី ដើម្បីរក្សាសន្ដិភាព សុវត្ថិភាពស្រ្ដី ក្នុងសង្គមកាន់តែខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានធ្វើការអំពាវនាវ ដល់នារី អង្គភាពប្រឆាំងអំពើពុករលួយត្រូវបង្កើនការរួមសាមគ្គីគ្នាការពារ លើកស្ទួយស្រ្តី ដើម្បីរក្សាសន្ដិភាព សុវត្ថិភាពស្រ្ដី ក្នុងសង្គមកាន់តែខ្លាំង ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងជាប្រ ធានសមាគមនារីកម្ពុជា បានអំពាវនាវ បែប នេះ ខណៈសម្ដេច ចូលរួមក្នុងពិធីប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឱ្យដឹងថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន លើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ក្នុងនោះ ស្រ្តី គឺជាស្នូល ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងដោយផ្តាំផ្ញើឱ្យស្រ្តីត្រូវចេះចែករំលែកនូវការរួមសុខរួមទុក្ខជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងនៅសមរភូមិមុខ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគាត់ និងពលរដ្ឋភៀសសឹក។

លោកស្រី ចិន ច័ន្ទមុនី ឧបការី ប្រធានក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុង និងជាប្រធានសមាគមនារី អ.ប.ព.បានអំពាវនាវដល់មន្រ្តី អ.ប.ព. ទាំងអស់ ចូល រួមបង្កើតគ្រួសារ អ.ប.ព. ដែលពោរពេញដោយក្ដីស្រឡាញ់ និងមានសាមគ្គីភាពរឹងមាំ និងចូលរួមចំណែកកសាង និងថែរក្សាសន្តិភាព និងសន្តិសុខ ដើម្បីវិបុលភាពសង្គមជាតិ៕

ដោយ៖សំរិត


ចែករំលែក៖