ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញថា ក្នុងរយៈពេល២ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ១១ពាន់លានដុល្លារ កើនឡើង១៧.៦% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥ ដែលមានទំហំប្រមាណជាង៩ពាន់លានដុល្លារ។
របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេល២ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញ ក្នុងតម្លៃជាង ៥,២២៨លានដុល្លារ កើនឡើង១៧.២%។ ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ ៥,៨៨៥លានដុល្លារ កើនឡើង១៨.០% បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៥។
ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៣,៥៧៧លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនជាង ២៩៥លានដុល្លារ ស្របពេលដែលចិន នាំចូលមកកម្ពុជាវិញមានតម្លៃជាង ៣,២៨២លានដុល្លារ។
ចំណែកសហរដ្ឋអាមេរិក ស្ថិតនៅលំដាប់ទី២ ដោយភាគីទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្មជាង ២,៣៤៣លានដុល្លារ កើនឡើង៣៩.៩% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ២,២៦២លានដុល្លារ និងអាមេរិកនាំចូលមកកម្ពុជាវិញ ក្នុងតម្លៃជាង៨០លានដុល្លារ។
តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដដែលបានបង្ហាញថា ទំហំពាណិជ្ជកម្មដែលកម្ពុជា បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេស ជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច