ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកថ្ងៃដំបូងដែលពលរដ្ឋថៃ មិនមានព្រះមហាក្សត្រភូមិប៊ុល

ចែករំលែក៖

នៅព្រឹកថ្ងៃទី១៤ ខែតុលា ជាថ្ងៃដំបូងក្នុងរយៈពេល៧០ឆ្នាំកន្លងមក ដែលពលរដ្ឋថៃភ្ញាក់ពីដេក ដោយមានអារម្មណ៍ខ្វល់ខ្វាល ដោយសារតែពួកគត់មិនមានព្រះមហាក្សត្រទៀតឡើយ ក្នុងពេលដ៏ខ្លីនេះ ។

តាមសារព័ត៌មានរ៉យទ័រផ្សព្វផ្សាយថា ការបាត់បង់នោះ គឺជារឿងធំធេងសម្រាប់ពលរដ្ឋថៃទាំងមូល ដោយក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ព្រះមហាក្សត្រថៃ ដូចជាឪពុកបង្កើតមិនអាចខ្វះបាន ដែលជាសេ្តចដឹកនាំប្រទេសថៃឆ្ពោះទៅកាន់ភាពរីកចម្រើនយ៉ាងខ្លាំង ។

ជាច្រើនឆ្នាំកន្លងមក ព្រះរាជសុខភាពរបស់ ស្តេច Bhumibol Adulyadej មិនល្អឡើង ទោះពលរដ្ឋដឹងថា ព្រះអង្គមិនអាចគេចផុតពីមជ្ជរាជឡើយ ប៉ុន្តែការចូលទិវង្គតនោះ ជាការតក់ស្លុតបំផុតសម្រាប់ប្រទេសជាតិ ដែលមានពលរដ្ឋ៦៧លាននាក់ ស្ថិតនៅតំបន់អាស៊ានមួយនេះ ។

ព្រះរាជ្យបុត្រ Maha Vajiralongkorn នឹងឡើងស្នងតំណែងពីព្រះបិតា ប៉ុន្តែទោះបីបែបណាក្តី ព្រះរាជ្យបត្រមិនទទួលបានការគោរព ស្រឡាញ់ពីពលរដ្ឋថៃដូចជាព្រះបិតានោះឡើយ ។ រយៈពេលកន្លងមក ថៃប្រឈមនឹងការវាយប្រហារពីក្រុមបះបោរ និងវិបត្តិនយោបាយជាងមួយទសវត្សរ៍កន្លងមក ដោយមានការធ្វើរដ្ឋប្រហារ និងការធ្វើបាតុកម្មបង្ហូឈាម ។ វិបត្តិទាំងនោះ ព្រះមហាក្សត្រថៃ បានក្លាយជាតំណាងនៃការសមគ្គី ផ្សះផ្សា ភាពតានតឹងនៅក្នុងប្រទេស ។ ទាំងនោះហើយ ពលរដ្ឋថៃមានការព្រួយបារម្ភពេលប្រទេសជាតិ មិនមានព្រះអង្គគង់នៅទៀតនោះ។

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍ថា នេះគឺជាការឈឺចាប់ និងជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រទេសជាតិ និងពលរដ្ឋថៃទាំងមូល ។ លោកបានបញ្ជាក់ទៀតថា សន្តិសុខគឺ ជារឿងសំខាន់ ដែលជាអាទិភាពនាពេលនេះ ។ លោកក៏បានអំពាវនាវដល់បណ្តាលក្រុមហ៊ុន ឧស្សាហកម្មធំ បន្តសកម្មភាព មិនត្រូវធ្វើឲ្យមានភាពវឹកវរដល់ទីផ្សារមូលបត្រ របស់ថៃឡើយ ។

នៅថ្ងៃទី១៤ ខែតុលា បណ្តាលធនាគារ និងទីផ្សាមូលបត្របន្តដំណើរការធម្មតា ។ សន្តិសុខត្រូវបានរិតបន្តឹង នៅតាមទីតាំងសំខាន់ៗមានវត្តអារ៉ាម និងក្រសួងនានា ព្រមទាំងទីប្រជុំជន ដោយខ្លាចក្រុមជ្រុលនិយមប្រើប្រាស់ឱកាសដែលពលរដ្ឋថៃកំពុងតែមានទុក្ខ វាយប្រហារបង្កភាពចលាចល ។

ចំណែកព្រះរាជ្យបុត្រ Vjiralongkorn ដែលត្រូវស្នងតំណែងគ្រោងរាជ្យសម្បត្តិពីព្រះបិតា បានមានព្រះបន្ទូលថា នឹងលើកពេលវេលា រៀបចំការឡើងគ្រោងរាជ្យ ដោយទុកពេលវេលាជាមួយប្រជារាស្ត្រ រៀបចំពីធីបុណ្យ ជូនព្រះបិតាសិន ។

ព្រះមហាក្សត្រ Bhumibol Adulyadej គ្រោងរាជ្យយូរបំផុតលើពិភពលោក ។ ព្រះអង្គបានប្រសូត្រនៅទីក្រុង Cambridge, Massachusetts អាមេរិក នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៩២៧ ។ ព្រះបិតារបស់ព្រះអង្គ គឺព្រះរាជ្យបុត្រ Mahidol Adulyadej ដែលកំពុងសិក្សានៅ harvard ។ ក្រោយមក ក៏បានវិលត្រឡប់មកប្រទេសថៃវិញ ។

ឥទ្ធិពលរបស់ព្រះមហាក្សត្រថៃ កាន់តែចុះខ្សោយ ក្រោយពេលលុបចោលរបបគ្រប់គ្រងដោយស្តេចកាលពីឆ្នាំ១៩៣២ ។

តាំពីពេលនោះមក ការដឹកនាំរដ្ឋបាលរបស់ថៃ គឺជាប្រទេសប្រជាធិបតេយ្យ រាជានិយមអាស្រ័យធម្មនុញ្ញា ។

ថៃត្រូវបានគេចាត់ទុកថា ជាប្រទេសមានវិវាទនយោបាយច្រើនបំផុតនៅតំបន់អាស៊ីភាគអាគ្នេយ៍ ដោយប្រទេសនេះ បានឆ្លងកាត់ការធ្វើរដ្ឋប្រហាររហូតដល់ជាង២០លើក ចាប់តាំងពីឆ្នាំ១៩៣២ ក្នុងនោះមានការធ្វើរដ្ឋប្រហារយោធា១១លើក ទទួលបានជោគជ័យ ។ ការធ្វើរដ្ឋប្រហារចុងក្រោយ គឺទម្លាក់នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា ៕ ម៉ែវ សាធី

ss-1 ase ss


ចែករំលែក៖