ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃសមត្ថកិច្ចបង្ក្រាបក្រុមបង្ហោះម៉ូតូ២ករណី ឃាត់ខ្លួនបាន០៩នាក់យកទៅអប់រំណែនាំចំពោះមុខអាណាព្យាបាល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្មេងទំនើង២ក្រុម ដែលជិះម៉ូតូបង្ហោះជាក្រុមៗផ្សេងៗគ្នា ក្នុងថ្ងៃតែមួយយ៉ាងអនាធិបតេយ្យពាសពេញផ្លូវ ត្រូវបានកម្លាំងសមត្ថកិច្ចតាមក្របួចជាប់ទាំង០២ក្រុម ជាបន្តបន្ទាប់ចំនួន០៩នាក់ កាលពីថ្ងៃទី១២ មីនា នៅក្នុងទឹកដី ឃុំតាគ្រាម ស្រុកបាណន់ រួចនាំយកទៅដុះក្អែលនៅចំពោះមុខអាណាព្យាបាល មុនពេលឲ្យធ្វើកិច្ចសន្យាធានាឲ្យត្រឡប់ទៅផ្ទះវិញ។

តាមរយៈរបាយការណ៍អធិការស្រុកបាណន់ លោក ហេង បារាំង បានឲ្យដឹងថា ក្មេងទំនើងទាំង០២ក្រុមនេះ បានធ្វើសកម្មភាពដាច់ដោយឡែកពីគ្នា ហើយត្រូវបានកម្លាំងជំនាញ នៃអធិការ សហការជាមួយកម្លាំងមូលដ្ខាន តាមបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាពជិះម៉ូតូបង្ហោះតាមដងផ្លូវយ៉ាងអនាធិបតេយ្យ ។ លោកអធិការបញ្ជាក់ថា ក្មេងទំនើង២ក្រុមនេះ១ក្រុម មានគ្នា០៦នាក់ និងមួយក្រុមទៀតមានគ្នា០៣នាក់។

បើតាមរបាយការណ៍ដដែល ក្មេងទំនើងដែលមានគ្នា០៦នាក់ ក្នុងឯកសណ្ឋានអាវឈុតខ្មៅ បានជិះម៉ូតូ៣គ្រឿង បង្ហោះនៅលើដងផ្លូវក្នុងភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់។ ១-ឈ្មោះ ខាន់ សុខឃីម ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ វ៉ានន៉ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ៣-ឈ្មោះ នឿន ចាន់នុ ភេទប្រុស អាយុ១៦ឆ្នាំ ៤-ឈ្មោះ ភួង ប៊ុនធឿន ភេទប្រុស អាយុ១៧ឆ្នាំ ៥-ឈ្មោះ

ម៉េត សាម៉ុត ភេទប្រុស អាយុ១៧ឆ្នាំ និង៦-ឈ្មោះ បូ មករា ភេទប្រុស អាយុ១៧ឆ្នាំ។

បើពិនិត្យលើសាវតា ក្រុមទំនើងទាំង០៦នាក់នេះ ឆ្លងកាត់មកពីខេត្តប៉ៃលិន មកបង្ហោះម៉ូតូបង្ហាញស្នាដៃ នៅស្រុកបាណន់ ដែលមានមើលពីសកម្មភាពរបស់ពួកគេគឺមក «បង្ករឿងសុទ្ធ» ។ ដោយឡែក១ក្រុមទៀត មានគ្នាចំនួន០៣នាក់ ជិះម៉ូតូ២គ្រឿងក្នុងឯឯកសណ្ឋានខោអាវកីឡាឈុតពណ៌ក្រហម បានជិះម៉ូតូបង្ហោះយ៉ាងព្រហើនដែរនៅលើដងផ្លូវ ត្រង់ចំណុចភូមិប៉ោយស្វាយ ឃុំតាគ្រាម កាលពីល្ងាចថ្ងៃទី ១១ ខែមីនា តែត្រូវកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី ១២ មីនា ទើបតាមអូស.កបានយកទៅដុះក្អែល ។

ជនទំនើងទាំង០៣នាក់នេះមាន៖ ១-ឈ្មោះ ហ៊ុំ ជីវ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិតាង៉ែន ឃុំតាគ្រាម ២-ឈ្មោះ គឹម លិ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង និង៣-ឈ្មោះ គល់ យ៉ុង ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ។

គេមិនទាន់ដឹងថា តើសកម្មផាពក្រុមក្មេងទំនើងជិះម៉ូតូបង្ហោះទាំង០២ក្រុមនេះ មានពាក់ព័ន្ធជាមួយគ្នា ឬ ធ្វើដើម្បីឌឺដងគ្នា ឬបែបណានោះទេ ? ប៉ុន្តែបើពិនិត្យលើសកម្មភាពពួកគេ ដែលធ្វើឡើងជាបន្តបន្តាប់ ហាក់បង្ហាញពីការឌឺដងគ្នា ។

ជាពិសេស ក្រុមក្មេងទំនើងថ្លើមធំ ដែលឆ្លងកាត់មកពីខេត្តប៉ៃលិន មកបង្ហោះម៉ូតូយ៉ាងព្រហើនក្នុងទឹកដីស្រុកបាណន់ ។ ប៉ុន្តែយ៉ាងណា ត្រូវបានកម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍ បង្ក្រាបបានទាំង០២ក្រុម មុនពេលពួកគេបង្កឲ្យមានរឿងធំ ។ អធិការស្រុកបាណន់និយាយក្នុងរបាយការណ៍ថា ដោយយោងតាមគោលការណ៍របស់លោកស្នងការខេត្ត ក្រោយពីឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាន បានអញ្ជើញអាណាព្យាបាលរបស់ពួកគេទាំងអស់ ឲ្យមកជួបមុខកូនៗ និងបានឃើញ បានដឹងពីសកម្មភាពដ៏ទំនើងរបស់លោកកូនៗ នៅពេលចេញផុតពីផ្ទះ តើពួកគេបានធ្វើ ទង្វើអាក្រក់បែបណាខ្លះ ? នៅចំពោះមុខសមត្ថកិច្ច និងអាណាព្យាបាល លោកកូនទំនើងទាំងនោះ បានលើកដៃសំពះសុំទោសឪពុក ម្ដាយ និងសន្យាថា នឹងឈប់ប្រព្រឹត្តនូវទង្វើខុសច្បាប់ ដែលសង្គមស្អប់ខ្ពើម។

មុនពេលដោះលែង សមត្ថកិច្ចបានបង្គាប់ឲ្យក្រុមជនទំនើងទាំង០៩នាក់នោះធ្វើកិច្ចសន្យា ដោយមានការធានាត្រឹមត្រូវពីអាណាព្យាបាលផង ទើបពួកគេអាចត្រឡប់ទៅផ្ទះសម្បែងវិញបាន។ ប៉ុន្តែចំពោះម៉ូតូ ដែលជាមធ្យោបាយបង្កបទល្មើស ត្រូវសមត្ថកិច្ចដកហូតរក្សាទុកជាបណ្ដោះរយៈពេល០៣ខែសិន ទើបប្រគល់ឲ្យទៅសាមីខ្លួនវិញ ៕


ចែករំលែក៖