ភ្នំពេញ៖ ដើម្បីឆ្លើយតបក្តីកង្វល់របស់ប្រជាកសិករជុំវិញបញ្ហាសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ដែកធ្វើឱ្យឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះថា ក្រសួងកសិកម្ម បានចាត់វិធានការអន្តរាគមន៍បន្ទាន់ចំនួន២។
លោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា វិធានការអន្តរាគមន៍បន្ទាន់ចំនួន២ដូចខាងក្រោម៖
១. ពាក់ព័ន្ធនឹងបញ្ហាប្រេង និងឧស្ម័នឥន្ធនៈ៖ លោករដ្ឋមន្ត្រី បានពិភាក្សាជាមួយលោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីរួមគ្នាជួយធានាការផ្គត់ផ្គង់ប្រេងគាំទ្រដល់វិស័យកសិកម្ម។
ជាមួយគ្នានេះ ក្រសួងកសិកម្ម បានចេញសេចក្តីណែនាំដល់មន្ទីរកសិកម្មគ្រប់ខេត្តក្រុងទាំងអស់ ឱ្យតាមដានយកចិត្តទុកដាក់លើស្ថានភាពជាក់ស្តែងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន និងសហការជាមួយមន្ទីររ៉ែនិងថាមពល ក៏ដូចជាមន្ទីរពាណិជ្ជកម្ម ដើម្បីផ្តល់ការអន្តរាគមន៍ភ្លាមៗ បើមានការឡើងថ្លៃខុសប្រក្រតី ឬក៏មានការខ្វះខាតការផ្គត់ផ្គង់។
២. ពាក់ព័ន្ធនឹងបញ្ហាជីកសិកម្ម៖ ក្រសួងបានជួបប្រជុំវាយតម្លៃជាមួយក្រុមហ៊ុននាំចូលនិងចែកចាយជីកសិកម្មធំៗមួយចំនួន ដែលដឹកនាំផ្ទាល់ដោយលោករដ្ឋមន្ត្រី និងបានវាយតម្លៃជាបឋមថា កម្ពុជានឹងមិនបញ្ហាខ្វះខាតជីកសិកម្មទេ ជាពិសេសសម្រាប់ប្រភេទជីអ៊ុយរ៉េដែលរងផលប៉ះពាល់ខ្លាំងជាងគេ តែអាចនឹងប្រឈមនឹងការកើនឡើងនៃថ្លៃបណ្តាលមកពីសម្ពាធទីផ្សារសកល។
ក្រសួងក៏បានទទូចស្នើសុំឱ្យក្រុមហ៊ុនរក្សាតម្លៃក្នុងកម្រិតសមរម្យមួយ ដែលអាចទទួលយកបានសម្រាប់បងប្អូនប្រជាកសិករនារដូវដាំដុះខាងមុខនេះ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច