លោក Joan Laporta ត្រូវបាន ជ្រើសរើសឡើងវិញជាប្រធានក្លឹបជាលើកទី 4 បន្ទាប់ពីឈ្នះការបោះឆ្នោត ហើយបានសន្យាថា Barcelona នឹងក្លាយជា “ក្រុមដែលមិនអាចរារាំងបាន” នៅឆ្នាំខាងមុខ។
Laporta ទទួលបានសំឡេងគាំទ្រ ជាង 68% ហើយនឹងចាប់ផ្តើមអាណត្តិថ្មីរយៈពេល 5 ឆ្នាំ ចាប់ពីថ្ងៃទី 1 ខែកក្កដា តាមការប្រកាសរបស់ក្លឹបក្នុងលីគ La Liga។
គូប្រជែងរបស់គាត់គឺ Victor Font ទទួលបានប្រហែល 30% ខណៈសន្លឹកឆ្នោតផ្សេងទៀតត្រូវបានចាត់ទុកថា មិនត្រឹមត្រូវ ឬអសុពលភាព។
Laporta ដែលបានកាន់តំណែងចាប់ពីខែមីនា ឆ្នាំ 2021 បានលាលែងពីតំណែងកាលពីខែមុន ដើម្បីចូលរួមប្រកួតបោះឆ្នោតឡើងវិញ តាមបទប្បញ្ញត្តិរបស់ក្លឹប។
បុរសវ័យ 63 ឆ្នាំ រូបនេះបានហៅលទ្ធផលនេះថា ជា “ជ័យជម្នះដ៏ធំ” ហើយបាននិយាយថា៖“វាផ្តល់កម្លាំងយ៉ាងខ្លាំងដល់យើង។ វាធ្វើឱ្យយើងក្លាយជាក្រុមដែលមិនអាចរារាំងបាន។ គ្មាននរណាអាចបញ្ឈប់យើងបានទេ។ ឆ្នាំខាងមុខនឹងពោរពេញដោយភាពរំភើប ហើយវានឹងជាឆ្នាំល្អបំផុតសម្រាប់យើង។”
លោក Laporta ក៏បានថ្លែងថា Barcelona ជាក្លឹបដ៏ពិសេសមួយ ព្រោះសមាជិកជាអ្នកបោះឆ្នោតជ្រើសរើសប្រធានក្លឹប និងក្រុមប្រឹក្សាភិបាលដោយផ្ទាល់ ដែលជារបៀបគ្រប់គ្រង មានតែមួយក្នុងពិភពលោក។
Laporta ធ្លាប់ដឹកនាំ Barcelona ពីឆ្នាំ 2003 ដល់ 2010 ហើយគាត់ជាអ្នកតែងតាំងគ្រូបង្វឹកល្បី Pep Guardiola ឲ្យដឹកនាំក្រុម។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ក្លឹប Barcelona បានប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ប៉ុន្តែរដូវកាលមុនក្រុមបានឈ្នះ 3 ពានក្នុងស្រុក (Domestic Treble)។
បច្ចុប្បន្ន Barcelona កំពុងឈរលេខ 1 ក្នុង La Liga ដោយនាំមុខគូប្រជែង Real Madrid 4 ពិន្ទុ បន្ទាប់ពីកីឡាករ Raphinha ស៊ុតបានបីគ្រាប់ (Hat-trick) ក្នុងជ័យជម្នះ 5-2 លើ Sevilla FC។
នៅថ្ងៃពុធនេះ Barcelona នឹងប្រកួតជើងទីពីរវគ្គ 16 ក្រុមចុងក្រោយនៃ UEFA Champions League ទល់នឹង Newcastle United។
ក្នុងជើងទីមួយនៅកីឡដ្ឋាន St James’ Park កីឡាករវ័យក្មេង Lamine Yamal បានស៊ុតបាល់ប៉េណាល់ទីនៅនាទី 96 ជួយឲ្យ Barcelona ស្មើ 1-1៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច