ព័ត៌មានទាន់ហេតុការណ៍៖

«ចំណងអ្នកណាចង អ្នកនោះស្រាយ» លោក ម៉ាក្រុង ថានឹងមិនចូលរួមក្នុងប្រតិបត្តិការបើកច្រកសមុទ្រ Hormuz ទេ

ចែករំលែក៖

កន្លងមកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើង ថា ទីក្រុងប៉ារីសមានឆន្ទៈចង់ជួយបើកច្រកសមុទ្រ Hormuz ។ នៅពេលនេះប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ បាននិយាយថា បារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញនោះទេ ។
លោក ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយនៅឯសេតវិមានថា លោកបានជជែកជាមួយលោក ម៉ាក្រុង ហើយបានផ្ដល់ពិន្ទុ ៨លើ១០ សម្រាប់ជំហររបស់មេដឹកនាំបារាំងចំពោះការបើកច្រកសមុទ្រ Hormuz ដោយសន្មតថា លោក ម៉ាក្រុងនឹងចូលរួមក្នុងកិច្ចប្រឹងប្រែងគាំទ្រដោយសហរដ្ឋអាមេរិក។
ថ្លែងនៅពេលចាប់ផ្ដើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបារាំងដើម្បីពិភាក្សាអំពីជម្លោះនៅមជ្ឈិមបូព៌ា លោក ម៉ាក្រុង បានកត់សម្គាល់ថា «យើងមិនមែនភាគីជម្លោះនោះទេ ដូច្នេះបារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការដើម្បីបើកឬរំដោះច្រកសមុទ្រ Hormuz ឡើងវិញនោះទេក្នុងបរិបទបច្ចុប្បន្ន»។
បើតាមក្រុមមន្ត្រីបារាំង ទីក្រុងប៉ារីសបាននិងកំពុងជំរុញកិច្ចប្រឹងប្រែងដើម្បីបង្កើតក្រុមចម្រុះមួយដើម្បីធានាសុវត្ថិភាពក្នុងតំបន់ច្រកសមុទ្រ Hormuz នៅពេលដែលស្ថានការណ៍មានស្ថិរភាព ដោយមិនមានតួនាទីរបស់សហរដ្ឋអាមេរិកឡើយ៕ ដោយ៖ ធីរីណា

រូបថត​៖ Tienphong


ចែករំលែក៖