ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានចាត់តាំងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលជប់វារី ចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្តភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ បានស្ទាក់ឃាត់ក្រុមក្មេងទំនើង ចំនួន៣នាក់ ជាមុខសញ្ញាពាក់ព័ន្ធជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។
លោកអធិការនគរបាលស្រុកព្រះនេត្រព្រះ លោកវរសេនីយ៍ទោ ទេព រដ្ឋា បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់រួមមាន១-ឈ្មោះ ឃ្លិញ រ៉ានេត្រ ហៅយុ ភេទ ប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ នៅភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ, ២- ឈ្មោះស៊ុយ សំណាង ហៅភា ភេទប្រុស អាយុ ១៨ ឆ្នាំជនជាតិខ្មែរ នៅភូមិប៉ោយក្តឿង ឃុំ-ស្រុកព្រះនេត្រព្រះ និង៣- ឈ្មោះយាន ផានិត ហៅធូ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ នៅភូមិក្បាលដំរី ឃុំត្រពាំងខ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
មុនឃាត់ខ្លួនឈ្មោះ ឈ្មោះ ឆយ ភក្ត្រា ហៅត្រា ភេទ ប្រុស អាយុ២៣ឆ្នាំ (មុខសញ្ញាលក់ចែកចាយថ្នាំញៀន) បានធ្វើសកម្មភាពណាត់ជួបមនុស្ស៥នាក់។ ពេលឃើញសមត្ថកិច្ចពួកគេបានរត់គេចខ្លួន២នាក់ និងឃាត់ខ្លួនបានជាក់ស្តែង៣នាក់ និងធ្វើតេសទឹកនោម លទ្ធផលបង្ហាញថា វិជ្ជមានទាំង៣នាក់ ជាមួយនោះដកហូតបាន កាំបិតវែងខ្លី៦ដើម និងម៉ូតូ២គ្រឿង។
នគរបាលបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ សួរនាំ និងមានចំណាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច