ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានចេញសេចក្ដីបំភ្លឺព័ត៌មានឆ្លើយតបនឹងការផ្សព្វផ្សាយតាមបណ្ដាញសង្គមរបស់ជនជាតិមួយរូប ដែលថា “កុំមកកម្ពុជាមានការស្មុគស្មាញក្នុងការរៀបឯកសារ ដោយប្រើពេលវេលា៣-៤ម៉ោងទើបបានចេញពីអាកាសយានដ្ឋាន”។
បើតាមការបញ្ជាក់នៅក្នុងសេចក្ដីបំភ្លឺព័ត៌មានចេញនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដំណើរដើមទងនៃរឿងនេះគឺថា មានអ្នកទេសចរជនជាតិចិនមួយរូបឈ្មោះ PENG ZHILEI ភេទប្រុស ធ្វើដំណើរតាមជើងហោះហើរលេខ K6-669 (CAN-KTI) ចូលមកកម្ពុជាក្នុងគោលបំណងទេសចរណ៍។ ប៉ុន្ដែក្រោយពីមន្ដ្រីនគរបាលអន្ដោប្រវេសន៍ប្រចាំការនៅអាកាសយានដ្ឋានអន្ដរជាតិតេជោសាកសួរ រកឃើញថា រូបគេមិនមានសំបុត្រយន្ដហោះសម្រាប់ការត្រឡប់ទៅវិញទេ គឺមានតែសំបុត្រយន្ដហោះចូលមកព្រះរាជាណាចក្រកម្ពុជា(One way ticket)។ ហេតុនេះមន្ដ្រីនគរបាលអន្ដោប្រវេសន៍បានណែនាំតម្រូវឱ្យសាមីខ្លួនត្រូវទិញសំបុត្រយន្ដហោះសម្រាប់ត្រឡប់ទៅវិញ ទើបអនុញ្ញាតឱ្យចូលមកកម្ពុជា។ ក្រោយពីសាមីខ្លួនបានទិញសំបុត្រយន្ដហោះសម្រាប់ការត្រឡប់ទៅវិញរួចរាល់ រូបគេក៏ត្រូវបានអនុញ្ញាតឱ្យចូលមកកម្ពុជា។
ជាមួយគ្នានេះ រូបគេក៏បានថតផ្សាយតាមបណ្ដាញសង្គម Tik Tok ផ្ទាល់ខ្លួន ដោយបានលើកឡើងថា “កុំមកកម្ពុជាៗៗៗ… មានការស្មុគស្មាញក្នុងការរៀបឯកសារ…ដោយប្រើពេលវេលា៣-៤ម៉ោង…ទើបគាត់បានចេញពីអាកាសយានដ្ឋាន”។ នៅចុងវីដេអូរបស់បុរសជនជាតិចិននោះ ក៏បានបញ្ជាក់ដែរអំពីតម្រូវការឯកសារដែលកម្ពុជាបានកំណត់ បើអ្នកមកជាលក្ខណៈទេសចរណ៍តម្រូវមានឯកសារអ្វីខ្លះ មកជាលក្ខណៈការងារត្រូវត្រៀមឯកសារអ្វីខ្លះ។ បុរសជនជាតិចិននោះក៏បានណែនាំដល់ជនជាតិចិនផ្សេងទៀតដែលមានបំណងមកប្រទេសកម្ពុជា ត្រូវរៀបចំឯកសារឱ្យបានត្រឹមត្រូវ លក្ខណៈទេសចរណ៍ ឬមកធ្វើការងារ។
តាមខ្លឹមសារនៃសារដែលបុរសជនជាតិចិនបានបង្ហោះខាងលើ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ថា រូបគេទទួលស្គាល់ការរឹតបន្ដឹង និងការអនុវត្ដនីតិវិធីរបស់មន្ដ្រីនគរបាលអន្ដោប្រវេសន៍នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ គឺសមស្របសម្រាប់ការចូល-ចេញព្រះរាជាណាចក្រកម្ពុជា និងទប់ស្កាត់ការហូរចូលនៃជនបរទេសដែលមានបំណងចូលមកធ្វើសកម្មភាពណាមួយដោយខុសច្បាប់៕

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច