ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករជម្រើសជាតិ សេណេហ្គាល់ បានចេញមុខចំអកឌឺដង សហព័ន្ធបាល់ទាត់អាហ្វ្រិកពេញបណ្តាញសង្គម

ចែករំលែក៖

កីឡាករជម្រើសជាតិ សេណេហ្គាល់ បានចេញមុខលើកឡើងចំអក ឌឺដង និងចោទប្រកាន់ សហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) បន្ទាប់ពីការសម្រេចដកហូតពាន Africa Cup of Nations ពីពួកគេ។

CAF បានប្រកាសថា ម៉ារ៉ុក ជាជើងឯកថ្មី បន្ទាប់ពីសេណេហ្គាល់ត្រូវបានចាត់ទុកថា “បោះបង់ការប្រកួត” នៅទីក្រុង Rabat កាលពីថ្ងៃទី 18 មករា ព្រោះពួកគេដើរចេញពីទីលាន ដើម្បីតវ៉ាចំពោះការផ្តល់ប៉េណាល់ទីសំខាន់មួយទៅឲ្យគូប្រកួត។

បើទោះបីជាយ៉ាងណា ក្រុមសេណេហ្គាល់បានត្រឡប់ចូលលេងវិញក្រោយ 14 នាទី ហើយឈ្នះការប្រកួត 1-0 ក្នុងម៉ោងបន្ថែម ដោយគ្រាប់បាល់របស់ Pape Gueye។ ប៉ុន្តែ ក្រុមប្រឹក្សាអំពាវនាវដល់ CAF និងបានប្ដូរលទ្ធផលនោះទៅជា 3-0 ឲ្យម៉ារ៉ុកឈ្នះវិញ នៅថ្ងៃអង្គារ។

ក្រោយការសម្រេចនេះ កីឡាករសេណេហ្គាល់ជាច្រើនបានប្រតិកម្មតាមបណ្ដាញសង្គម ដោយប្រើពាក្យចំអកឌឺដង។ 

ខ្សែបម្រើ Pathe Ciss បានបង្ហោះរូបកាន់ពាន ហើយសរសេរថា “អ្នកអាចផ្តល់គ្រាប់បាល់បន្ថែមបីគ្រាប់ទៅឲ្យអ្នកដែលយំបានទៀត” ជាមួយ emoji សើច។

ខ្សែការពារ Moussa Niakhate បានសរសេរថា “នេះមិនមែន AI ទេ នេះជាការពិត” ខណៈ El Hadji Malick Diouf បាននិយាយថា “ពាននេះឈ្នះលើទីលាន មិនមែនតាមអ៊ីមែលទេ”។

ខ្សែប្រយុទ្ធ Boulaye Dia បន្ថែមថា “អារម្មណ៍មិនអាចបង្កើតបានទេ ត្រូវតែមានបទពិសោធន៍ផ្ទាល់”។ ចំណែកខ្សែបម្រើ Idrissa Gueye បានសរសេរយ៉ាងស្ងប់ស្ងាត់ថា ពានរង្វាន់ និងមេដាយគ្រាន់តែជារឿងបណ្តោះអាសន្ន ប៉ុន្តែអ្វីដែលសំខាន់គឺអ្វីដែលពួកគេបានជួបប្រទះនៅថ្ងៃនោះ ដែលគ្មាននរណាអាចដកយកទៅបាន។

សហព័ន្ធបាល់ទាត់សេណេហ្គាល់ បានថ្កោលទោសការសម្រេចនេះថា “អយុត្តិធម៌ មិនធ្លាប់មាន និងមិនអាចទទួលយកបាន” ខណៈរដ្ឋាភិបាលក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិឯករាជ្យ។

ផ្នែកសហព័ន្ធបាល់ទាត់ម៉ារ៉ុកបានទទួលស្គាល់ការសម្រេច ហើយបញ្ជាក់ថាការអំពាវនាវរបស់ពួកគេ គ្រាន់តែមានគោលបំណងឲ្យអនុវត្តបទប្បញ្ញត្តិប្រកួតឲ្យបានត្រឹមត្រូវប៉ុណ្ណោះ។ ខណៈ CAF មិនទាន់ឆ្លើយតបជាផ្លូវការទេ៕

ដោយ៖ ភារៈ


ចែករំលែក៖