ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋកាតារ បណ្ដេញមន្ត្រីស្ថានទូតអុីរ៉ង់ចេញពីប្រទេស បន្ទាប់ពីអុីរ៉ង់វាយប្រហារប្រទេសខ្លួនម្តងហើយម្តងទៀត

ចែករំលែក៖

អន្តរជាតិ​៖​ ប្រទេសកាតារបានប្រកាសថា អនុព័ន្ធសន្តិសុខនិងអនុព័ន្ធយោធានៅក្នុងស្ថានទូតរបស់អ៊ុីរ៉ង់ គឺជា «បុគ្គលដែលមិនត្រូវបានស្វាគមន៍» ដោយតម្រូវឱ្យពួកគេចាកចេញពីប្រទេសកាតារ ក្នុងរយៈពេលយ៉ាងយូរ២៤ម៉ោង។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកាតារ កាលពីថ្ងៃពុធ (១៨ មីនា) នៅក្នុងកំណើនភាពតានតឹងផ្នែកការទូតយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។

ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីអ្វីដែលកាតារពិពណ៌នាថា ជាការកំណត់គោលដៅនិងការឈ្លានពានដដែលៗម្ដងហើយម្ដងទៀត ដែលបានរំលោភលើអធិបតេយ្យភាពនិងសន្តិសុខរបស់ខ្លួន ដែលនេះសបញ្ជាក់ឱ្យឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃទំនាក់ទំនង ស្របពេលមានអស្ថិរភាពក្នុងតំបន់ដែលកំពុងបន្ត។

ក្រសួងការបរទេសកាតារប្រគល់កំណត់ទូតផ្លូវការមួយទៅកាន់ស្ថានទូតនៃសាធារណរដ្ឋអ៊ិស្លាមអុ៏រ៉ង់ប្រចាំកាតារ ដោយបញ្ជាក់ថា កាតារចាត់ទុកទាំងអនុព័ន្ធយោធានិងអនុព័ន្ធសន្តិសុខនៅស្ថានទូតមួយនេះ រួមជាមួយបុគ្គលិកនៃការិយាល័យអនុព័ន្ធទាំងពីរ គឺជាបុគ្គលដែលមិនត្រូវបានស្វាគមន៍នោះឡើយ។

ក្រសួងនិយាយថា សកម្មភាពវាយប្រហារច្រើនលើកច្រើនសារបស់អុីរ៉ង់ បានរំលោភលើអធិបតេយ្យភាពនិងសន្តិសុខរបស់កាតារ ហើយតំណាងឱ្យការរំលោភលើគោលការណ៍ច្បាប់អន្តរជាតិ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ (២៨១៧) និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ។ ក្រសួងការបរទេសកាតារព្រមានថា រាល់ជំហានបន្តបន្ទាប់ទៀតនឹងត្រូវធ្វើឡើងក្នុងស្មារតីធានាឱ្យបាននូវការការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ជាតិរបស់រដ្ឋកាតារ៕

ដោយ​៖ តារា​


ចែករំលែក៖