ព័ត៌មានទាន់ហេតុការណ៍៖

នាយគ្រឿន ប្រកាសកាត់បន្ថយសម្តែងរឿង ងាកមកនិពន្ធ និងដឹកនាំរឿងវិញម្តង

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែង លោក ចែមសារឿនហៅ នាយគ្រឿន ទទួលបានឱកាសសម្តែងខ្សែភាពយន្តជាច្រើនបន្តបន្ទាប់ ជាមួយនឹងតម្លៃខ្លួនថតខ្ពស់ជាងតារាដទៃ ។ ស្រាប់តែពេលនេះ លោកបានប្រកាសកាត់បន្ថយការសម្តែងខ្សែភាពយន្ត ដោយការសម្រិតសម្រាំងជ្រើសរើសយកតែខ្សែភាពយន្តល្អប៉ុណ្ណោះ ក្នុងការថត ហើយងាកមកប្រឡូកជាមួយនឹងការតែងនិពន្ធ និងដឹកនាំការផលិតខ្សែភាពយន្តវិញម្តង ។

តារាកំប្លែងអាយុ៣១ឆ្នាំរូបនេះ បញ្ជាក់ថា ដោយសារតែចង់ភ្លក្សរសជាតិក្នុងការនិពន្ធ និងដឹកនាំសម្តែង ទើបលោកសម្រេចចិត្តប្រឡូកបន្ថែមជាមួយការងារនេះ ដោយសម្រេចចិត្តកាត់បន្ថយសម្តែងខ្សែភាពយន្តវិញ ។

តារាសម្តែងដែលមានតម្លៃខ្លួន៤ពាន់ដុល្លារអាមេរិកក្នុងមួយរឿងរូបនេះបន្តថា លោកនឹងទទួលយកខ្សែភាពយន្តប្រមាណតែ៣ទៅ៤រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺទទួលយកតែខ្សែភាពយន្តណា ដែលលោកយល់ថា ល្អ មានគុណភាព និងមិនប្រើពេលវេលាគ្រប់គ្រាន់ ។ តារាកំប្លែងរូបនេះបញ្ជាក់ដែរថា ពេលនេះលោកងាកមកសាកល្បងចាប់ការងារនិពន្ធ និងដឹកនាំរឿងវិញម្តងហើយ ផលិតកម្ម LD Picture បានផ្តល់ឱកាសឲ្យលោកក្នុងការធ្វើការការងារនេះ ជាលើកដំបូង ។

លោកថា រឿងដំបូងដែលលោកបានចេញដឹកនាំការសម្តែងបានជិតមួយសប្តាហ៍ហើយគឺរឿង«ជួបស៊យ» ដែលជាប្រភេទរឿងបែបកំប្លែង ដែលលោករំពឹងថា នឹងអាចចូលរួមវាយលុកទីផ្សារភាពយន្តបាននៅពេលដាក់បញ្ចាំង ។

លោកទទួលស្គាល់ថា ស្នាដៃនិពន្ធ និងដឹករឿងដំបូងរបស់លោក គឺលក្ខណៈសប្បាយៗ មិនមានគំនិតស៊ីជម្រៅខ្លាំងទេ ព្រោះតែលោកធ្វើទៅតាមលទ្ធភាព ប៉ុន្តែលោក ក៏ដាក់ក្តីរំពឹងទៅលើស្នាដៃដំបូងនេះដែរ ។ អ្វីដែលលោកចង់បង្ហាញទស្សនិកជននៅថ្ងៃមុខ គឺសមត្ថភាពនៃការនិពន្ធ និងដឹកនាំមួយ ដែលលោកទទួលបានបទពិសោធន៍ពីការងារសម្តែង និងការណែនាំរបស់ផលិតករជើងចាស់ បូករួមទាំងសមត្ថភាពបង្កើតសាច់រឿងថ្មី ដែលល្អប្លែកមិនចម្លងពីគេ ហើយលោកនៅតែរំពឹងលើការគាំទ្ររបស់ទស្សនិកជន ។

គួររំលឹកដែរថា តារាកំប្លែង ចែម សារឿន នាយគ្រឿន ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង បានធ្វើដំណើរមកភ្នំពេញ ដើម្បីធ្វើជាកម្មករសំណង់អស់រយៈពេលជាង១០ឆ្នាំ ប៉ុន្តែលោកបានបោះបង់អាជីពនេះ ចោលមកចាប់អាជីពជាតារាកំប្លែង១ឆ្នាំ ក្រោយលោក ចែម ចាន់ តារា ហៅនាយពាក់មី ជាបងប្រុស ។ ដោយសារវោហាបាន និងស្ទីលនៃការលេងកំប្លែងប្លែកពីអ្នកទដៃ និងអាចធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចខ្លាំង លោកទទួលបានការគាំទ្រជាច្រើនបន្តបន្ទាប់ រហូតឈានដល់ប្រឡូកក្នុងអាជីពជាអ្នកចម្រៀង ច្រៀងកាត់សក់តាមរោងការ និងសម្តែងខ្សែភាពយន្តទៀត ។

ពេលនេះនាយ គ្រឿន ត្រូវបានគេចាត់ចូលក្នុងចំណោមតារាសម្តែងល្បី ដែលអាចរកប្រាក់ចំណូលបានច្រើនលំដាប់ជួរមុខផងដែរ ។ ក្រៅពីអាជីពកំប្លែង ច្រៀង និងផលិតករនេះ នាយគ្រឿន ក៏ចង់បង្កើតជាមុខរបរផ្ទាល់ខ្លួននៅថ្ងៃអនាគតដែរ ៕ វឌ្ឍនា

img_2759


ចែករំលែក៖