ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានក្រុម China Southern Power Grid

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃ១៤ ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតអោយ លោក លី ឈីងគុយ (Li Qingkui ) ប្រធានក្រុមហ៊ុន China Southern Power Grid ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងតភ្ជាប់បង្គោលខ្សែបណ្តាញអគ្គីសនីចូលជួបសម្ដែងការគួរសម និងស្នើសុំការជួយគាំទ្រ ពីសម្ដេចតេជោ។

ទន្ទឹមនឹងគម្រោងវិនិយោគផ្នែកអគ្គីសនីនៅកម្ពុជា លោក Li Qingkui បានប្ដេជ្ញាចិត្តចូលរួមជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា លើជំនាញអគ្គិសនីនៅក្នុងកម្រិត បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ។

នៅជំហានដំបូងនេះគឺក្រុមហ៊ុននឹងបណ្ដុះបណ្ដាលកម្ពុជាចំនួន២៥នាក់។ ក្រុមហ៊ុន China Southern Power Grid ក៏នឹងចូលរួមផងដែរនៅក្នុងការធ្វើផែនការមេ ដោយសហការជាមួយក្រសួងពាក់ព័ន្ឋ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំតខ្សែបណ្ដាញអគ្គីសនី នៅទូទាំងប្រទេស ដើម្បីមានភាពងាយស្រួលក្នុងការតភ្ជាប់ និងចែកចាយទៅប្រទេសជិតខាង។

លោកប្រធានក្រុមហ៊ុនបានពិភាក្សាបញ្ហានេះមួយជំហានហើយជាមួយ អ្នក ឧកញា គិត ម៉េង, ឯកឧត្ដម ស៊ុយ សែម និងបានចុះកិច្ចព្រមព្រៀងលើឯកសារមួយចំនួន នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកឧត្ដម ប្រធានាធិបតីចិន ស៊ី ជិនពីងកាលពីម្សិលមិញ។ ក្រុមហ៊ុនលោកនឹងចាប់ដៃគូជាមួយក្រុមហ៊ុន Royal Group លើវិស័យថាមពលនេះ។
ពេលនេះអ្នកវិនិយោគចិនបានចាប់អារម្មណ៍ចំពោះកម្ពុជាយ៉ាងខ្លាំង និងមានជំនឿលើការដឹកនាំដ៏ត្រឹមត្រូវបំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើអោយកំណើនសេដ្ឋកិច្ចជាតិមានសន្ទុះកើនថេរ៧%។ ម្យ៉ាងទៀតប្រទេស កម្ពុជា នៅមានតម្រូវការភ្លើងប្រើទៅគ្រប់ទីកន្លែង ដូច្នេះការរៀបចំតបណ្តាញខ្សែភ្លើងទូទាំងប្រទេសត្រូវរៀបចំអោយបានល្អប្រកបដោយគុណភាព។
សម្តេចនាយករដ្ឋមន្ត្រី រីករាយស្វាគមន៍ចំពោះក្រុមហ៊ុន ដែលបានយកចិត្តទុកដាក់ជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យអគ្គិសនី។

សម្តេចតេជោ បានផ្តល់សេចក្តីទុកចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុន China Southern Power Grid ដែលជាក្រុមហ៊ុនដ៏ធំលំដាប់លេខ២លើពិភពលោករបស់ចិន។ មិនយូរប៉ុន្មានទេ កម្ពុជានឹងសម្បូរអគ្គីសនីប្រើប្រាស់ជាមួយតម្លៃថោកសមរម្យ ដែលនឹងជួយដល់ការកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋយើងជាមិនខាន។ ច្បាស់ណាស់គឺ តម្រូវការភ្លើងជារឿងចាំបាច់បំផុតក្នុងការអភិវឌ្ឍប្រទេសអោយរីកចម្រើន៕

e a b c d


ចែករំលែក៖