ព័ត៌មានទាន់ហេតុការណ៍៖

យកម៉ូតូកូនជាងយកទៅលក់បាត់ ជិត១ខែឃើញមុខចាប់ប្រគល់ឲ្យនគរបាល

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានឆបោកយកម៉ូតូកូនជាងសំណង់ទៅបាត់ជិតមួយខែ ហើយត្រូវជនរងគ្រោះ និងបងប្អូនប្រជាពលរដ្ឋប្រទះឃើញចាប់នាំគ្នាចាប់ឃាត់ខ្លួននាំយកទៅប្រគល់ឲ្បនគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីឆបោកយកម៉ូតូ ពីកូនជាងសំណង់ យកទៅលក់បាត់ស្រមោលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ មកម្ល៉េះ រហូតមកដល់វេលារសៀលថ្ងៃទី១៤ ខែតុលា ទើបប្រទះឃើញ ជនសង្ស័យ ជិះម៉ូតូឌុបតាមផ្លូវ២១៧ ក្បែរស្ពានអាកាសស្ទឹងមានជ័យ ចាប់ឃាត់ខ្លួនដឹកយកមកប៉ុស្តិ៍នគរបាលតែម្តង ។

ជនសង្ស័យមានឈ្មោះ ហួត វ៉ាន់ដា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មេជាងសំណង់ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិមនោរម្យ ឃុំហោងស្រណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ម៉ូតូដែលជនសង្ស័យបោកយកទៅបាត់ ម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ១CF-៤៧៣៩ មានម្ចាស់ជាជនរងគ្រោះ ឈ្មោះ សាក់ សាភឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិក្រាំងគ្រោះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា កន្លងមក ជនសង្ស័យបានខ្ចីម៉ូតូរបស់ខ្លួន ខណៈដែលកំពុងធ្វើការ សំណង់នៅ ខាងក្រោយផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ដោយប្រាប់ថា ទៅឌុប មេការសំណង់ មកការដ្ឋាន ហើយពេលបានម៉ូតូហើយ ជិះចាកចេញទៅបាត់ រហូត បិទប្រព័ន្ធទូរស័ព្ទចោលទៀត ដឹងថា មេជាងឆបោកយកម៉ូតូហើយ ល្ងាចថ្ងៃដដែលក៏បានទៅដាក់ពាក្តបណ្តឹងនៅប៉ុស្តិ៍ហើយដែរ ។ ជនរងគ្រោះបន្តទៀតថា ចាប់តាំងពីថ្ងៃនោះមក ខ្លួនអស់សង្ឃឹម នឹងរកជនសង្ស័យឃើញទៅហើយ តែអ្វីជាកម្មផល ផ្លូវធម៌ជមន៧ស្សបាបកម្ម ខណៈដែលជនរងគ្រោះ ធ្វើដំណើរតាមផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូឌុប ស្ទុះរត់ស្រែកផ្អើលពលរដ្ឋ ទៅចាប់បានតែម្តង រួចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ ។

តាមចម្លយសារភាព ជនសង្ស័យពិតជាឆបោកយកម៉ូតូ របស់កូនជាងសំណង់របស់ខ្លួនពិតប្រាកដមែន ក្នុងរូបភាពខ្ចីជិះទៅឌុបមេការ ហើយជិះទៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ លក់បានលុយ៦០០ដុល្លារ រួចឈប់ពីការងារ នៅការដ្ឋានសំណង់ ភូមិចោមចៅ ទៅធ្វើការនៅ ក្នុងខណ្ឌមានជ័យវិញ ត្រូវបានជនរងគ្រោះឃើញ ចាប់ឃាត់ខ្លួនតែម្តង ។

ផ្អែកទៅលើបណ្តឹងជនរងគ្រោះ តាំងពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃចាប់ជនសង្ស័យបាន ត្រូវបានឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តទៅតាមនីតិវិធី ៕សុខាសែនជ័យ

image1 image2


ចែករំលែក៖