ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមហ៊ុន China Huaneng Group

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឲ្យ លោក Zhang Tingke អនុប្រធានក្រុមហ៊ុន China Huaneng Group ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។

លោក ហ្ស៊ាង ទីងគី (Zhang Tingke) បានមើលឃើញពីឱកាសបើកចំហរនៃការវិនិយោគដ៏ធំធេងជាងមុនទៀតនៅក្នុងប្រទេសកម្ពុជា។ លោកធ្លាប់មកកម្ពុជា៤លើកមកហើយ។ China Huaneng Group បច្ចុប្បន្នកំពុងសហការជាមួយ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់ អ្នកឧកញ៉ា គិត ម៉េង ដែលកន្លងមកនេះបានសហការគ្នាលើគម្រោងវារីអគ្គីសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ដែលមានសមត្ថភាពផលិតអគ្គីសនីបានរហូតដល់ ៤០០ មេហ្គាវ៉ាត់ ដែលនឹងចាប់ផ្តើមដំណើរការនៅ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។

ការវិនិយោគគឺអាចនឹងមានផលប៉ះពាល់ខ្លះៗមិនខាន តែក្រុមហ៊ុនរបស់លោកបានប្តេជ្ញាចិត្តចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ធានាដោះស្រាយរាល់បញ្ហាប៉ះពាល់ទាំងអស់នៅក្នុងតំបន់អភិវឌ្ឍន៍គម្រោងនេះអោយបានល្អបំផុត។ គម្រោង វារីអគ្គីសនីនេះមានប្រយោជន៍យ៉ាងធំធេងសម្រាប់កម្ពុជា ហើយដែលត្រូវតែមានកិច្ចសហការសហការល្អគ្រប់ពេលជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយចំពោះគម្រោងអភិវឌ្ឍន៍នេះ ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដើម្បីប្រជាពលរដ្ឋយើងមានភ្លើងប្រើកាន់តែថោក ហើយបណ្តាក្រុមហ៊ុនវិនិយោគទាំងឡាយ ក៏សម្បូរភ្លើងប្រើកាន់តែទូលំទូលាយ។ គម្រោងនេះនឹងជួយកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋយើងនៅពេលអនាគត។

សម្តេចតេជោ ហ៊ុន សែន តែងតែខិតខំយកចិត្តទុកដាក់ប្រមូលគៀងគរអ្នកវិនិយោគមកបណ្តាក់ទុនអោយកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ដើម្បីប្រជាពលរដ្ឋមានការងារធ្វើ និងមានភ្លើងប្រើប្រាស់គ្រប់ៗគ្នាទាំងនៅក្នុងទីក្រុង និងនៅតាមជនបទ៕

4 1 2 3


ចែករំលែក៖