ភ្នំពេញ៖ ធម្មតាស្ត្រីជាម្តាយខ្លះរមែងស្រឡាញ់កូនៗ និងមានការតស៊ូរាល់ឧបសគ្គដើម្បីចិញ្ចឹមកូន ទោះបីជាខ្លួនមេម៉ាយក៏ដោយ ។
ជាក់ស្តែងក្មេងប្រុស២នាក់បងប្អូនសម្បុរស្រអែមស្រស់ មានកាយវិការរពឹសរប៉ិលរប៉ូចហាក់បីដូចជាខ្លួននៅមានម្តាយឪពុកថែរក្សា តែផ្ទុយទៅក្មេងប្រុស២នាក់ បងប្អូននេះ ត្រូវម្តាយគេ យកទៅប្លុងចោលនៅក្បែរអង្គការលើកស្ទួយប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយស្ត្រីជាម្តាយ ក៏រត់គេចខ្លួនបាត់ គេមិនដឹងថា ស្ត្រីជាម្តាយខ្វះលទ្ធភាពចិញ្ចឹមកូន ឬរត់តាមប្រុសនោះទេ។
ស្ត្រីបុគ្គលិកអង្គការម្នាក់ឈ្មោះ ជា ធាវី បាននិយាយប្រាប់ឲ្យដឹងកាលពីម្សិលមិញថា គាត់បានឃើញក្មេងប្រុស២នាក់បងប្អូននោះដើរចូលក្នុងអង្គការ កាលពីព្រឹកថ្ងៃទី១៤ តុលា ហើយគាត់ក៏នាំក្មេងប្រុស២នាក់នោះ ឲ្យទៅហូបបាយជាមួយបងស្រីរបស់គេ ។ ស្ត្រីបុគ្គលិកអង្គការដដែលបន្តថា បងស្រីរបស់ពួកគេ ក៏ត្រូវម្តាយនាងយកមកដាក់នៅអង្គការនេះដែរ ហើយបងស្រីពួកគេនេះ ម្តាយតែមួយឪពុកផ្សេងគ្នា ។ បងស្រីរបស់ក្មេងប្រុស២នាក់នេះ គេមានឈ្មោះ គង់ វរល័ក្ខ អាយុ១២ឆ្នាំ ។
ស្រ្តីឈ្មោះ ជា ធាវី ជាបុគ្គលិកអង្គការលើកស្ទួយប្រជាពលរដ្ឋ ក៏បានបញ្ជាក់បន្ថែមថា គាត់ក៏បានស្គាល់ស្ត្រីជាម្តាយរបស់ក្មេងប្រុស២នាក់បងប្អូននោះដែរ ព្រោះជួលផ្ទះនៅក្បែរ គ្នា ស្ថិតនៅក្បែរសាលាកសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជា ធាវី ក៏បានបញ្ជាក់ប្រាប់ថា ស្ត្រីជាម្តាយរបស់ក្មេងប្រុសនោះមានឈ្មោះ តាក់ គង់ អាយុជាង៣០ ឆ្នាំ និងប្តីគាត់បានស្លាប់បាត់ហើយដោយសារផឹកស្រា ។ ជា ធាវី ក៏មានក្តីអាណិតអាសូរលើ ក្មេងប្រុស២នាក់បងប្អូននេះផងដែរ ហើយខ្លួនក៏មានបំណងចង់យកក្មេង២នាក់នេះ ទៅចិញ្ចឹម ក៏ប៉ុន្តែគាត់ថាគាត់មានកូនប្រុស២នាក់ក្នុងបន្ទុកហើយដែរ។
ស្ត្រីឈ្មោះ ជា ធាវី បន្តថា គាត់មកជួបលោកចៅសង្កាត់ដង្កោក្នុងគោលបំណងឲ្យលោកចៅសង្កាត់ជួយបញ្ជាក់ដឹង ឮថាក្មេងប្រុស២នាក់នេះពិតជាម្តាយរបស់ពួកគេយកទៅបោះបង់ចោលមែន ហើយគាត់និងនាំក្មេងប្រុស២នាក់នេះទៅផ្ញើនៅអង្គការស្កត ព្រោះថាអង្គការរបស់គាត់មានក្មេងច្រើន ណាស់ហើយ។
ក្មេងប្រុសឈ្មោះ ចិត្រ អាយុ៥ឆ្នាំ(បង)បានិយាយថា ខ្ញុំត្រូវម្តាយយកពួកខ្ញុំទៅដាក់ ចោលនៅក្បែរក្លោងទ្វារអង្គការនេះ។ រីឯប្អូនប្រុសរបស់គេមិនសូវចេះនិយាយស្តីអ្វីនោះទេ ។
ដោយឡែកលោក វើក សាមឿន ចៅសង្កាត់ដង្កោបាននិយាយថា លោកមិនជំទាស់និងចេញលិខិតបញ្ជាក់នោះ លោកក៏មានក្តីអាណិតអាសូរក្មេងប្រុសទាំងនេះផងដែរ ៕ តាឡឹម