ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានអង្គភាព ACU រាយការណ៍ប្រាប់ក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយពីការមិនបានប្រកាសទ្រព្យសម្បត្តិរបស់លោក ចេនហ្ស៊ី

ចែករំលែក៖

ភ្នំពេញ៖ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា អង្គភាពបានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយពីការមិនបានប្រកាសទ្រព្យសម្បត្តិចុងក្រោយរបស់អតីតអ្នកឧកញ៉ា និងជាទីប្រឹក្សារដ្ឋាភិបាល លោក ចេនហ្ស៊ី ដែលលោក ឱម យ៉ិនទៀង បានបញ្ជាក់ថាការមិនបានប្រកាសទ្រព្យរបស់លោក Chen Zhi គឺដោយសារ «ជាប់គុកនៅប្រទេសចិន»។

លើកឡើងក្នុងការធ្វើបទបង្ហាញក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា៖ «មានបុគ្គល២នាក់អត់ប្រកាសទ្រព្យទេ! ១មាន Chen Zhi នោះ ឱ្យតែតែងតាំងជាទីប្រឹក្សាខ្ញុំអត់ខ្វល់រឿងចិន ចូរ អីទេ ឱ្យតែតែងតាំងជាទីប្រឹក្សាគឺត្រូវប្រកាសទ្រព្យណា! មិនមែនរដ្ឋាភិបាលយើងធ្វើលេងសើចឯណា។ ប្រកាសទ្រព្យមក ACU ប៉ុន្មានដងហើយ។ ពេលគាត់បញ្ឈប់ពីទីប្រឹក្សាគាត់អត់បានប្រកាសទ្រព្យចុងក្រោយផង។ យើងបានរាយការណ៍មូលហេតុព្រោះគាត់ជាប់គុកនៅប្រទេសចិន។អាហ្នឹងខ្ញុំត្រូវរាយការណ៍ដល់ក្រុមប្រឹក្សាជាតិកុំឱ្យគាត់ថាយើងមិនអនុវត្តច្បាប់លើករណីគាត់មិនប្រកាសទ្រព្យនេះ Chen Zhi ណា»។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះ បានបញ្ជាក់ថា អ្នកដែលត្រូវប្រកាសទ្រព្យសម្បត្តិនៅកម្ពុជាគឺចាប់ពីរាល់អ្នកដែលត្រូវបានតែងតាំងដោយអនុក្រឹត្យឡើង។

គួរឱ្យដឹងផងដែរថា អតីតអ្នកឧកញ៉ា Chen Zhi ត្រូវបានរដ្ឋាភិបាលចាប់ខ្លួនបញ្ជូនទៅកាន់ប្រទេសចិនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងដោយផ្នែកទៅតាមសំណើរបស់អាជ្ញាធរចិន។ ការចាប់ខ្លួន ចេនហ្ស៊ី នេះគឺបន្ទាប់ពីអាជ្ញាធរចិនបានធ្វើការស៊ើបអង្កេតដោយអាថ៌កំបាំងលើក្រុមហ៊ុនព្រីនស៍គ្រុប តាំងពីឆ្នាំ២០២០ បន្ទាប់ពីក្រុមហ៊ុននេះមានឈ្មោះក្នុងបណ្ដឹងនៅតុលាការចិនក្នុងសំណុំរឿងឆបោកអនឡាញ។

គួរជម្រាបជូនថា កាលពីខែមករាកន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានលើកឡើងក្នុងបទសម្ភាសន៍មួយជាមួយ Reuterថា ចេនហ្ស៊ី ទទួលសញ្ញាតិខ្មែរបានដោយខុសច្បាប់ ហើយការបញ្ជូនទៅប្រទេសកំណើតរបស់គេវិញគឺគ្រាន់តែឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបទល្មើសឆបោកបោកអនឡាញនៅក្នុងប្រទេស៕

ដោយ៖តារា


ចែករំលែក៖