ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនមនុស្ស៦៥នាក់ ក្នុងនោះមានជនជាតិបរទេស៨នាក់និងជនជាតិខ្មែរ៥៧នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធនឹងបទល្មើស Scam Online ដែលកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះបង្ក្រាបបាននៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី 20 ខែមីនា ឆ្នាំ2026 ។ ការឃុំខ្លួនមនុស្សទាំង៦៥នាក់ដាក់ពន្ធនាគារនេះ ក្រោមបទចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានអង្គការចាត់តាំង) ដាក់ឃុំបណ្តោះអាសន្ននៅមណ្ឌលកែប្រែម១ និងម២។
សូមរំលឹកថា ក្រោមការដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបញ្ជាដឹកនាំកិច្ចប្រតិបត្តិការដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ដោយឃាត់មនុស្ស៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់។
ប្រតិបត្តិការនេះ មានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមមាន៖ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, ការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា, ការិយាល័យគ្រប់គ្រងជនបរទេស, ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេង ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ, ឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងផែនការងារអន្តោប្រវេសន៍ ដោយបានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលមានទីតាំងអគារលេខ៤១ ជាន់ទី៣០ បន្ទប់គ្មានលេខ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
ជាលទ្ធផលសមត្ថកិច្ចជំនាញបានរកឃើញមនុស្សចំនួន៦៥នាក់ មានជនជាតិចិន០៨នាក់ (ប្រុស), ជនជាតិខ្មែរ៥៧នាក់(ស្រី ២៧នាក់)។ វត្ថុតាងរួមមានកុំព្យូទ័រ ALL in One ចំនួន ៨៩គ្រឿង, ម៉ូនីទ័រ (Monitor) ១គ្រឿង CPU ចំនួន០១គ្រឿង, ទូរស័ព្ទបម្រើឱ្យបទល្មើសចំនួន៣៨៤គ្រឿង និងស៊ីម
កាតអន្តរជាតិមួយចំនួនធំ។
យោងតាមការធ្វើកោសល្យវិច័យលើកុំព្យូទ័របឋមជាក់ស្ដែងរបស់សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាអាចសន្និដ្ឋានបានថា ជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញលួងលោមដាក់ប្រាក់ឱ្យវិនិយោគក្លែងកា្លយ (Investment Scams) ដែលជនរងគ្រោះជាគោលដៅទៅខាងទ្វីបអឺរ៉ុប៕

ដោយ÷ចន្ទ លីហ្សា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច